Khmer suport khmer cc time

ប្រមុខការទូតកម្ពុជាជំរុញឱ្យសមាជិក​​​ហ្វ្រង់កូហ្វូនីរួមគ្នាទប់ស្កាត់វិបត្តិ ការពារសន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងអំពាវនាវឱ្យប្រទេសជាសមាជិក​​​ហ្វ្រង់កូហ្វូនី ត្រូវរួមគ្នាទប់ស្កាត់វិបត្តិ ការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកថ្លែងបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅថ្ងៃទី​១៤ វិច្ឆិកា ដោយមានប្រទេសចូលរួមប្រមាណ៨០ប្រទេស។

នៅចំពោះមុខសមាជិក​​​ហ្វ្រង់កូហ្វូនី លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។សម្រាប់លោក ប្រាក់ សុខុនការបន្តកសាងសន្តិភាព មានន័យថា ជាការទប់ស្កាត់វិបត្តិ ការគាំទ្រដល់ការសម្រុះសម្រួល និងការជួយសម្រួលដល់ការផ្សះផ្សា។ 

បើតាមប្រមុខការទូតកម្ពុជារូបនេះ អះអាងថា សន្តិភាព គឺមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។តាមរយៈសម្តីបែបការទូតនេះ អាចជាបញ្ជាក់ជាថ្មីពីជំហររបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ ហើយបន្តទាមទារឱ្យថៃ ត្រូវចូលខ្លួនដោះស្រាយព្រំដែនតាមច្បាប់អន្តរជាតិ និងត្រូវបញ្ឈប់ការឈ្លានពានមកលើកម្ពុជាតាមរយៈប្រើប្រាស់កម្លាំងយោធាដែលជាការបំពានច្បាប់អន្តរជាតិ។

គួរជ្រាបថា​ សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោកប្រមាណ៨០ប្រទេស។សន្និសីទនៅថ្ងៃនេះ នឹងពិនិត្យរួមគ្នារៀបចំសេចក្តីព្រៀងនៃកិច្ចប្រជុំកំពូល ស្ដីពីស្ថានភាពវិបត្តិ ការស្ដារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូនី សម្រាប់ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល សម្រាប់ប្រជុំគ្នា នៅថ្ងៃទី១៥ ខែវិច្ឆិកាស្អែក​៕

Khcct banner

អត្ថបទទាក់ទង