ភ្នំពេញ៖ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិក ប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើការងារជាមួយកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោក។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយលោកបានចូលក្រាបបង្គំទូលថ្វាយសារតាំង ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ដែលជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់លោក។
យោងតាមស្ថានទូតអាម៉េរិក គូសបញ្ជាក់ថា លោក អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
បើតាមស្ថានទូត ផ្អែកលើសន្ទុះនេះ ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។
លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕