Khmer suport khmer cc time

ភាពយន្តរឿង«សោកនាដកម្មភ្នំខ្មោច» ពន្យារពេលចាក់បញ្ចាំងខ្សែ ដើម្បីកែសម្រួលបច្ចេកទេស និងកែសម្រួលគ្រប់ជ្រុងជ្រោយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ផលិតកម្ម LD Entertainment បានប្រកាសជូនដំណឹងជាផ្លូវការសម្រេចពន្យារពេលក្នុងការចាក់បញ្ចាំងខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង «សោកនាដកម្មភ្នំខ្មោច»សិន ក្រោមហេតុផលកែសម្រួលបច្ចេកទេសមួយចំនួន ដើម្បីលើកកម្ពស់គុណភាពភាពយន្តនេះឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ មុននឹងចាក់បញ្ចាំង។ការប្រកាសនេះ ធ្វើឡើងចំពេលមានភាពចម្រូងចម្រាសពីខាងប្រទេសថៃ បារម្ភចំពោះខ្សែភាពយន្តនេះ ព្រោះបានបកអាក្រាតប្រទេសថៃ ពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជា ដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែក ក្នុងឆ្នាំ ១៩៧៨-១៩៨០។

យោងតាមសេចក្តីប្រកាសពីផលិតកម្ម LD Entertainment បានប្រកាសថា "យើងខ្ញុំបានសម្រេចពន្យារពេលក្នុងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «សោកនាដកម្មភ្នំខ្មោច» សិន មូលហេតុដោយសារយើងខ្ញុំត្រូវការកែសម្រួលបច្ចេកទេសមួយចំនួនដើម្បីលើកកម្ពស់គុណភាពភាពយន្តនេះឱ្យបានល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ មុននឹងចាក់បញ្ចាំង"។តែក្នុងសេចក្តីប្រកាសដ៏ខ្លីនេះ មិនបានបញ្ជាក់ពេលវេលាជាក់លាក់ ដើម្បីចាក់បញ្ចាំងផ្លូវការនោះទេ ខណៈចាងហ្វាងផលិតកម្ម LD Entertainment លោក លៀក លីដា បង្ហោះសារពីសម្ពាធផ្លូវចិត្ត។

ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង «សោកនាដកម្មភ្នំខ្មោច» លោក លៀក លីដា បានចំណាយពេលជាង ៤ឆ្នាំ រួមទាំងធនធានផ្ទាល់ខ្លួន ក្នុងការផលិត។តាមផែនការត្រូវបានចាក់បញ្ចាំង ថ្ងៃទី ៦ វិច្ឆិកា ២០២៦ តែត្រូវបានប្រកាសពន្យាពេលសិន។ក្រោយប្រកាសលោក លៀក លីដា បានសរសេរថា "ប្រឹងទាំងកាយ ដាក់ទាំងទ្រព្យ  រឺមួយខ្ញុំកំពុងតែប្រឹងខុស មិនមែនជា ផ្លូវដែលប្រឹងហើយត្រូវ"។

តាមរយៈសារព័ត៌មានថៃ រាជរដ្ឋាភិបាលនៃប្រទេសថៃ បានបង្ហាញពីក្តីបារម្ភចំពោះខ្សែភាពយន្តខ្មែរមានចំណងជើង «សោកនាដកម្មភ្នំខ្មោច» ដែលខ្សែភាពយន្តនេះ និងបកអាក្រាតប្រទេសថៃ ពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជា ដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែក ក្នុងឆ្នាំ ១៩៧៨-១៩៨០ ដែលថៃយល់ថា ផលិតឡើង ដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ឲ្យមានការស្អប់ខ្ពើមប្រទេសថៃ។ 

ភាពយន្តឯកសារ«សោកនាដកម្មភ្នំខ្មោច» ជាស្នាដៃដឹកនាំផលិតដោយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment។ ភាពយន្តឯកសារនេះ ផលិតឡើងដោយផ្អែកតាមដំណើរជីវិតពិតរបស់អ្នកឧកញ៉ា គួច ម៉េងលី ជាជនរងគ្រោះម្នាក់បានរស់រានមានជីវិតពីទុក្ខវេទនាដែលទាហានថៃ បានបង្ខំឲ្យប្រជាជនខ្មែររាប់ម៉ឺននាក់ដែលបានភៀសខ្លួនទៅជាយដែនប្រទេសថៃ វិលត្រលប់មកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ ទាហានប៉ារ៉ាថៃយកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់ តាមជួរភ្នំដងរែក៕

Khcct banner

អត្ថបទទាក់ទង