Khmer suport khmer cc time

អាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ«កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ»រវាងកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ីដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ចុះរួមគ្នាកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ 

ភ្នំពេញ៖ ក្រសួងការបរទេសអាម៉េរិក បានចេញសារអបអរសាទរខួប ១ឆ្នាំ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ីដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ចុះរួមគ្នាកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកធ្វើជាសាក្សី។អាម៉េរិកនៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីជំរុញ«កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» នេះឱ្យមានប្រសិទ្ធភាព។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) បាននាំកម្ពុជា និងថៃ មកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» (Kuala Lumpur Peace Accords) ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ កើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោក។ 

បើតាមសេចក្តីប្រកាស អាម៉េរិកចាត់ទុកកិច្ចព្រមព្រៀងនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះ និងបានដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។ជាមួយគ្នានោះ អាម៉េរិកនៅតែបន្តធ្វើការជាមួយកម្ពុជា-ថៃដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ២០២៥ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី«កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចុះហត្ថលេខាធ្វើជាសាក្សី។ក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ មានខ្លឹមសារចំនួន ៨ចំណុច ផ្តោតលើការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង