ភ្នំពេញ៖ សម្តេច ហ៊ុន សែន តួអង្គសំខាន់បំផុតនៃការចរចាស្វែងរកសុខសន្តិភាព និងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ខួបទី៣៥នៃកិច្ចព្រមព្រៀងសម្តេច ហ៊ុន សែន បានចេញសារអបអរសាទរ អមជាមួយរូបភាពនិងខ្លឹមសារថា "គ្មានជំនួប សីហនុ-ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ"។
"ថ្ងៃ២៣ តុលា១៩៩១ ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំង មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថាដើមឈើបាន"។នេះគឺជាការថ្លែងរបស់សម្តេច ហ៊ុន សែន។
បើតាមសម្តេច ហ៊ុន សែន បន្តថា កិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុជាមួយសម្តេចដែលគេតែងនិយាយថា (ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។សម្តេចថា "គ្មានជំនួបសីហនុ .ហ៊ុន សែនវាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ"។
សម្តេច ហ៊ុន សែន បន្តថា "បើគិតពីថ្ងៃ២ធ្នូ១៩៨៧ដល់២៣តុលា ១៩៩១គឺមានរយៈពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែនិង២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី(ខ្ញុំហ៊ុន សែនត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផងជាមួយលោកតាសឺន សានផងជាមួយខៀវ សំផនផង)ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយហ៊ុន សែនដើម្បីពន្យល់គ្នាឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ"។