ភ្នំពេញ៖ សម្តេច ហោ ណាំហុង អតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជាដែលចូលរួមជួយជាតិតាំងពីសម័យសង្គមរាស្ត្រនិយម ពេលនេះកំពុងធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាលម៉ែត្រ។សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ និង បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសម្តេច ហោ ណាំហុង និងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។
ក្នុងឱកាសនោះ សម្តេច ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ព្យាបាល និងថែទាំ សម្តេច ហោ ណាំហុង និងបានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេច ហោ ណាំហុង ឆាប់បានជាសះស្បើយពីជំងឺ។
គួរបញ្ជាក់ថា សម្តេច ហោ ណាំហុង ត្រូវបានគេស្គាល់ថា ជាអ្នកការទូតជើងចាស់របស់កម្ពុជាតាំងតែពីសម័យសង្គមរាស្ត្រនិយម ចំណាយពេលប្រមាណ ៦០ឆ្នាំ ពិសេស ៤៥ឆ្នាំ ក្រោយរំដោះចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ ជួយពង្រឹងកិច្ចការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ។
ស្នាដៃរបស់សម្តេច ហោ ណាំហុង ចុងក្រោយរួមចំណែកយ៉ាងធំក្នុងកិច្ចការបរទេសរបស់កម្ពុជា (ជាប្រធានអាស៊ាន ២លើក ២០០២ និង ២០១២) និងក៏ជាអ្នកចរចាដ៏ស្វិតស្វាញ និង ជាហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស ១៩៩៣ តតាំងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ករណីប្រាសាទព្រះវិហា (២០០៨-២០១១)។សម្តេច ហោ ណាំហុង គឺជាអ្នកដឹកនាំផ្ទាល់លើការងារនេះ។
កាលពីខែឧសភា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត បានប្រោសព្រះរាជទានគោរមងារ សម្តេច ហោ ណាំហុង ជា “ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង”៕