Swift cc time

សម្តេច ហ៊ុន ម៉ាណែត៖ការចរចារព្រំដែន ជារឿងជាតិ ត្រូវការមានមូលដ្ឋានច្បាស់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានចេញសារពន្យល់ដល់ប្រជាជនកម្ពុជា ពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយព្រំដែនជាមួយថៃ ដោយសម្តេចអះអាងថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។

តាមរយៈសារនោះ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា កិច្ចការចរចារព្រំដែននេះ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។

ចំពោះការជ្រើសរើសវិធីសាស្ត្រ ដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។នេះជាការអះអាងបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង