Khmer suport khmer cc time

កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៦

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងទ័ពចិនក្នុង សមយុទ្ធនាគមាស-២០២៥។

ភ្នំពេញ៖ កងទ័ពកម្ពុជា និងចិន នឹងបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាដែលមានឈ្មោះថា “ នាគមាស-ឆ្នាំ២០២៦” រយៈពេល ១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ជាមួយការប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប។

សមយុទ្ធនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ នឹងធ្វើឡើងនៅទីតាំង៣ផ្សេងគ្នា គឺនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និង នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ និងមានប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប និងការងារមនុស្សធម៌ និងការសង្គ្រោះ។ចំពោះចំនួនកងទ័ពដែលត្រូវចូលរួម ក្រសួងការពារជាតិកម្ពុជាមិនបានបញ្ជាក់នោះទេ។តែយ៉ាងណា តាមប្រភពក្រៅផ្លូវការ កងទ័ពកម្ពុជា និងចិន អាចមានច្រើនជាង១ពាន់នាក់ ដែលនឹងចូលរួមសមយុទ្ធនៅឆ្នាំនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ សមយុទ្ធនាគមាស បានប្រារព្ធបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ដោយមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» 

ការធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងកងទ័ពចិន ត្រូវបានចាត់ទុក ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ ហើយសមយុទ្ធនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួលកិច្ចសហការចម្រុះ និងបន្តនិរន្តរភាពក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ និងលើកកម្ពស់សមត្ថភាព លទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការងារមនុស្សធម៌។ 

សមយុទ្ធនេះ ក៏នឹងផ្ដល់សារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពប្រទេសទាំងពីរ ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនការយល់ដឹងពីការបញ្ញាចម្រុះ នីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ៕

Khcct banner

អត្ថបទទាក់ទង