Khmer suport khmer cc time

កម្ពុជា-ថៃ នឹងបន្តកិច្ចប្រជុំផ្សះផ្សាលើវិវាទដែនសមុទ្រក្រោម UNCLOS លើកទី៣ នៅម៉ាឡេស៊ី ចុងខែវិច្ឆិកា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីបន្តពិភាក្សាលើការដោះស្រាយវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់តុលាការមជ្ឈការអចិន្ត្រៃយ៍ កិច្ចប្រជុំនេះនឹងផ្តោតលើការពិភាក្សាផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន ព្រមទាំងស្វែងរកចំណុចរួម និងការឯកភាពគ្នារវាងភាគីទាំងពីរ។

គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា ព្រមទាំងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាតំណាងរងរបស់រាជរដ្ឋាភិបាល រួមទាំងមន្ត្រីពាក់ព័ន្ធ និងក្រុមការងារផ្នែកច្បាប់។

តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅរកការចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយសម្រាប់គ្រប់គោលបំណងរវាងប្រទេសទាំងពីរ។ ក្នុងករណីមិនអាចសម្រេចបាន កម្ពុជាចង់ស្វែងរកកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការកំណត់ព្រំដែនសមុទ្រជាផ្លូវការ។

ប្រសិនបើជម្រើសទាំងពីរនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការផ្តល់អនុសាសន៍ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោម UNCLOS។

ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណចំពោះប្រធាន និងសមាជិកគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រសមស្រប និងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិធានការកសាងទំនុកចិត្ត ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំលើកមុន នៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។

កម្ពុជាបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយប្រកាន់ខ្ជាប់នូវស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្តធ្វើការជាមួយគណៈកម្មការ និងភាគីថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដែលមានភាពយុត្តិធម៌ និងស្ថិតស្ថិរយូរអង្វែង៕


Khcct banner

អត្ថបទទាក់ទង