Khmer suport khmer cc time

សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នាថ្ងៃទី១៧ វិច្ឆិកា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តបតាមការអញ្ជើញរបស់លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន ដែលជាប្រធានអាស៊ានប្រចាំឆ្នាំ២០២៦។

ដោយឡែក នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។ ការចូលរួមនេះធ្វើឡើងស្របពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងបន្តពង្រឹងសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ានមួយដែលផ្តោតលើប្រជាជន មានភាពធន់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។

ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹងក្លាយជាវេទិកាសំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ពិភាក្សាអំពីការពន្លឿនការកសាងសហគមន៍អាស៊ាន ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់អាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ និងចាប់យកឱកាសសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួនផងដែរ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសទាំងនោះ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

Khcct banner

អត្ថបទទាក់ទង