Khmer suport khmer cc time

កងទ័ពកម្ពុជា-ចិនជិត៣ពាន់នាក់ បើកសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាចាប់ពីថ្ងៃនេះ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងទ័ពកម្ពុជា និងចិន ប្រមាណជិត៣ពាន់នាក់ នៅថ្ងៃទី ២៥ វិច្ឆិកា ២០២៦នេះ បើកធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦»។

ភ្នំពេញ៖ កងទ័ពកម្ពុជា និងចិន ប្រមាណជិត៣ពាន់នាក់ នៅថ្ងៃទី ២៥ វិច្ឆិកានេះ បានបើកធ្វើ «សមយុទ្ធ» ទ្រង់ទ្រាយធំរួមគ្នា ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃនេះ។ សមយុទ្ធនេះ មានឈ្មោះថា សមយុទ្ធ «នាគមាសឆ្នាំ២០២៦» និង ធ្វើឡើងលើទីតាំងសំខាន់ៗចំនួន៣ក្នុងប្រទេសកម្ពុជា។ពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦»នេះ ធ្វើឡើងដោយមានលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួង​ការពារជាតិកម្ពុជា និង លោក លីវ ស៊ូមីន (Liu Sumin) មេបញ្ជា​ការ​មូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធ «នាគមាសឆ្នាំ២០២៦»នេះ មានកងទ័ពកម្ពុជាប្រមាណ ១៦២៦នាក់ និងកងទ័ពចិនប្រមាណ ១៣១៤នាក់ នឹងសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរ​សមុទ្រ​រួមគ្នា និងការងារមនុស្សធម៌» លើទីតាំងសំខាន់ៗចំនួន៣ក្នុងប្រទេសកម្ពុជាក្នុងនោះមានជាអាទិ៍៖ នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និង នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត ដោយមាននាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាដើម។

ថ្លែងបើកកម្មវិធី លោក លីវ ស៊ូមីន (Liu Sumin) អះអាងថា នាគមាសឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជា​ប្រពៃណី​រវាងកម្ពុជា និងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ និងបានជំរុញកាន់តែខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។សម្រាប់លោក លីវ ស៊ូមីន សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ធ្វើ​ឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

ចំណែកលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួង​ការពារជាតិកម្ពុជា បានថ្លែងចាត់ទុកសមយុទ្ធ «នាគមាសឆ្នាំ២០២៦»នេះ គឺមានសារសំខាន់ ចំពេលពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើន ហើយសមយុទ្ធនេះ ធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មានតម្លាភាព និងមិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងកងទ័ពចិន ត្រូវបានចាត់ទុក ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃកម្ពុជា និងចិន  ហើយសមយុទ្ធនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួលកិច្ចសហការចម្រុះ និងបន្តនិរន្តរភាពក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ និងលើកកម្ពស់សមត្ថភាព លទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការងារមនុស្សធម៌។ 

ក្រៅពីធ្វើសមយុទ្ធជាមួយចិន នៅឆ្នាំ២០២៧ កម្ពុជាត្រៀមរៀបចំធ្វើ«សមយុទ្ធឆ្មាំអង្គរ»ជាមួយអាម៉េរិក និងជាមួយ ជប៉ុន កូរ៉េខាងត្បូង និង UN រួមជាមួយប្រទេសក្នុងតំបន់អាស៊ានទៀត។នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន ម៉ាណេត ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

Khcct banner

អត្ថបទទាក់ទង