អ៉ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក រ៉េសេប តៃយីប អឺដូហ្កាន់ បានចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយរបស់តួកគីក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកក៏បានបញ្ជាក់ពីការបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់១ពាន់លានដុល្លារអាម៉េរិក។
ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងលោកប្រធានាធិបតី អឺដូហ្កាន់ និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីជំនួបពិភាក្សា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ នៅការិយាល័យប្រធានាធិបតីដូលម៉ាបាហ្សេ (Dolmabahçe) ក្នុងទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី នាថ្ងៃទី១៦ តុលា ឆ្នាំ២០២៦។
លោក អឺដូហ្កាន់ បានសម្តែងក្តីរីករាយដែលបានទទួលស្វាគមន៍សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នៅទីក្រុងអ៉ីស្តង់ប៊ុល។ លោកបានថ្លែងថា៖ «យើងចាត់ទុកកម្ពុជា ដែលយើងមានទំនាក់ទំនងកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថាជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោកបានរម្លឹកថា កាលពីឆ្នាំ២០១៨ តួកគី និងកម្ពុជា ដែលពេលនោះមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់១ពាន់លានដុល្លារអាម៉េរិក។ លោកថា តួកគីនៅតែបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនេះ។
លោក អឺដូហ្កាន់ ក៏បានសង្ឃឹមថា វេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃដដែល នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងធុរជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ក្រៅពីពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល អប់រំ និងវប្បធម៌។ លោកបានបន្ថែមថា តួកគីគាំទ្រនិស្សិតកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍ និងបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជនទាំងពីរ។
ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ លោក អឺដូហ្កាន់ បានបញ្ជាក់ថា តួកគីសង្ឃឹមថា ជម្លោះនេះនឹងត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា និងមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា តួកគីបន្តគាំទ្រជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារជម្លោះ ហើយបានសម្របសម្រួលជាមួយមន្ត្រីកម្ពុជាក្នុងការផ្តល់ជំនួយដល់មនុស្សជាង៣០០០នាក់មកទល់ពេលនេះ។ លោកបានបញ្ជាក់ពីការប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់អ្នករងគ្រោះបន្តទៀត៕