Khmer suport khmer cc time

កម្ពុជា-ថៃ ឯកភាពគ្នាជាថ្មីលើការកសាងទំនុកចិត្តក្រោម UNCLOS ខណៈប្រជុំលើកទី៣ នឹងធ្វើនៅខែវិច្ឆិកា ក្នុងប្រទេសម៉ាឡេស៊ី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា និងថៃ បានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត និងពង្រឹងភាពជឿជាក់រវាងគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងមិត្តភាព ស្របតាមច្បាប់អន្តរជាតិ ខណៈកិច្ចប្រជុំលើកទី៣ រវាងភាគីទាំងពីរ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថាគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញភាពជឿជាក់រវាងគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរកដំណោះស្រាយប្រកបដោយហេតុផល និងមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។

ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា កម្ពុជា និងថៃ បានទទួលស្គាល់ថា ភាគីនីមួយៗមានសិទ្ធិចេញសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។

គណៈកម្មការផ្សះផ្សាក៏បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការមួយចំនួនដែលកម្ពុជា និងថៃបានឯកភាពគ្នាកន្លងមក នៅមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ដូច្នេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាបានសម្តែងការកោតសរសើរចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានខិតខំសម្របសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយឱ្យកម្ពុជា និងថៃ ឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈកម្មការក៏នឹងចេញសេចក្តីសង្ខេបស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ នៅពេលវេលាសមស្របផងដែរ៕

Khcct banner

អត្ថបទទាក់ទង