Swift cc time

អាម៉េរិកប្តេជ្ញាចិត្តបន្តធ្វើការជាមួយកម្ពុជាដើម្បីប្រឆាំងការផ្ដល់ហិរញ្ញវត្ថុខុសច្បាប់ និងបង្ក្រាប Online Scams

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាម៉េរិក បានប្រកាសបន្តគាំទ្រ និងប្តេជ្ញាចិត្តសហការជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ដល់ហិរញ្ញវត្ថុខុសច្បាប់ រួមទាំងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ ទៅលើប្រជាពលរដ្ឋអាម៉េរិក។ការប្រកាសយ៉ាងដូច្នេះធ្វើឡើងក្នុងពេលលោកស្រីភារធារី Zittle និងអនុរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Robert Kaproth បានជួបពិភាក្សាជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី។

យោងតាមស្ថានទូតអាម៉េរិក ក្នុងកិច្ចពិភាក្សានោះ សមភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា។អាម៉េរិក បានអះអាងថា នឹងរួមគ្នា បង្កើតអនាគតហិរញ្ញវត្ថុមួយដែលប្រកបដោយសុវត្ថិភាព តម្លាភាព និងភាពធន់ ដែលផ្តល់ជូននូវតម្លៃពិតប្រាកដមួយសម្រាប់ប្រទេសទាំងពីរ។

ក្រៅពីនេះ លោកស្រីបណ្ឌិត ជា សិរី និងលោកឧបការីរង បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផលប៉ះពាល់នៃការកើនឡើងថ្លៃថាមពលសកល ស្ថានភាពវិស័យហិរញ្ញវត្ថុ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស។

លោក Robert Kaproth បានលើកឡើងពីការកើនឡើងថ្លៃថាមពលលើទីផ្សារសកល ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងអតិផរណា ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ។ លោកក៏បានបង្ហាញការគាំទ្រចំពោះការយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជាលើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបានបញ្ជាក់ពីលទ្ធភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យនេះ។

ជាការឆ្លើយតប លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសបន្តជាកត្តាគាំទ្រសំខាន់ ខណៈទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទន្ទឹមនេះ លោកជំទាវក៏បានបញ្ជាក់ពីការបន្តតាមដានការវិវត្តក្នុងវិស័យហិរញ្ញវត្ថុ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងទ្រព្យសកម្មនិម្មិត៕

Khcct banner

អត្ថបទទាក់ទង