ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវជាឪពុក បានសារលិខិតជូនពររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាត្រូវជាកូន ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងឈានចូលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសខួបចម្រើន សម្តេច ហ៊ុន សែន បានសរសើរពីភាពចាស់ទុំនយោបាយរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការដឹកនាំកម្ពុជា និងការងារការទូត ទទួលបានជោគជ័យត្រចះត្រចង់។
តាមរយៈសារលិខិតជូនពរ សម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកសម្តេច ហ៊ុន ម៉ាណែត ដែលត្រូវជាកូន គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាននិងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។
សម្តេច ហ៊ុន សែន បានសង្កេតឃើញថា សម្តេច ហ៊ុន ម៉ាណែត គឺពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិនិងប្រជាជនកម្ពុជាច្រើនជំនាន់ តទៅ។ ទន្ទឹមនេះ ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើននៃ ជាតិនិងប្រជាជន សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញភាពប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទុំនយោបាយ និង គតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។
សម្តេច ហ៊ុន សែន បានរំលេចពីភាពជោគជ័យការទូត គឺកាលពីពេលថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលការណ៍នេះ បានបង្ហាញពីការទទួល បាននូវការជ្រួតជ្រាប និងសេចក្តីទុកចិត្តពីបណ្តាប្រទេសនានាមកលើកម្ពុជា ចំពោះការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕