Swift cc time

សម្តេច ហ៊ុន ម៉ាណែត យកកិច្ចប្រជុំកំពូលអន្តរជាតិ CICA បកអាក្រាតសកម្មភាពឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាស៊ែបៃហ្សង់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានចំណាយពេលជាង ៨នាទីថ្លែងពីការគោរពច្បាប់អន្តរជាតិ និងបានបកអាក្រាតពីសកម្មភាពឈ្លានពានរបស់ក្រុមយោធាថៃលើទឹកដីកម្ពុជាដោយខុសច្បាប់ បើទោះបីមានកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នាក្តី។

ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ សម្តេច ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្តែងឡើយ។

ចំពោះជម្លោះព្រំដែនខ្មែរ-ថៃ សម្តេច បានប្រាប់ភ្ញៀវអន្តរជាតិថា ទោះបីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាពស្រាប់តាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយកម្ពុជានៅតែមានក្តីបារម្ភ ចំពោះស្ថានការណ៍ជាក់ស្តែង នៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់មិនអាចវិឡចូលផ្ទះវិញ។

គួរបញ្ជាក់ថា សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋា​ភិបាល​មួយ​ដែល​បង្កើត​ឡើង​​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិ​សុខ និងស្ថិរភាពនៅក្នុង​តំបន់​អាស៊ី និង មានរដ្ឋជា​សមា​ជិកចំនួន២៨ប្រទេស៕


Khcct banner

អត្ថបទទាក់ទង