Khmer suport khmer cc time

កម្ពុជា-ក្រូអាស៊ី ប្ដេជ្ញារួមគ្នាតម្កល់ «ច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនិយម» ជាខែលការពារសន្តិភាព គ្រាដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រែប្រួល

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា និងក្រូអាស៊ី បានបង្ហាញជំហររួមក្នុងការលើកកម្ពស់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនិយម ដើម្បីការពារសន្តិភាព និងទប់ស្កាត់ការប្រើប្រាស់អំណាចរបស់ប្រទេសធំៗ ដោយមិនគោរពច្បាប់អន្តរជាតិ ខណៈសណ្ដាប់ធ្នាប់ពិភពលោកកំពុងមានការប្រែប្រួលស្មុគស្មាញ។

ជំហរនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីភាពស្រដៀងគ្នានៃបទពិសោធន៍ប្រវត្តិសាស្ត្រ ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម និងការឈ្លានពាន។ ដោយហេតុនេះ កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាសហការគ្នាលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីធានាថា ប្រទេសទាំងអស់ត្រូវបានគោរពសិទ្ធិស្មើៗគ្នា មិនថាប្រទេសតូច ឬប្រទេសធំនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាដែលរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យការទូត ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយមានគោលដៅឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅពេលខាងមុខ។ ក្នុងនោះ កម្ពុជាអាចដើរតួនាទីជាច្រកចូលទៅកាន់ទីផ្សារអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈក្រូអាស៊ីអាចជាចំណុចតភ្ជាប់ពាណិជ្ជកម្មរវាងអឺរ៉ុប និងអាស៊ី៕

Khcct banner

អត្ថបទទាក់ទង