Khmer suport khmer cc time

យោធាថៃលួច«វត្ថុបុរាណ»នៅប្រាសាទខ្នារ,កម្ពុជាទាមទារជាថ្មីឱ្យថៃប្រគល់ត្រឡប់មកវិញ និងបដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពយោធាថៃ ក្នុងប្រាសាទខ្មែរ។

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍នោះ កម្ពុជាទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងដែលបានដឹកយកទៅប្រទេសថៃ។

ជាថ្មីម្តងទៀតក្រសួងវប្បធម៌កម្ពុជា បានចេញបដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត បំភាន់សាធារណជន បំភាន់សាធារណមតិ និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញ និង ការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើង ចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាតវ៉ាដាច់អហង្ការ ចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃ បានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។សកម្មភាពទាំងនេះរួមមាន សកម្មភាពបោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអគ្គិសនី គម្រោងជួសជុល និងស្តារឡើងវិញ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលប៉ះពាល់ដល់ទីតាំងទាំងនេះ។

កម្ពុជាចាត់ទុក សកម្មភាពបែបនេះ បានបង្កឱ្យមានក្តីបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើការមិនគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយអាចរារាំងដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី។ជាមួយគ្នានោះ កម្ពុជាទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងដែលបានដឹកយកទៅប្រទេសថៃ។

ប្រាសាទទាំងនេះ ត្រូវតែទទួលបានការការពារមិនត្រូវយកទៅធ្វើជាឧបករណ៍នយោបាយ សុទ្ធតែជាប្រាសាទត្រូវការអភិរក្ស ហើយក៏មិនមែនជាប្រាសាទសម្រាប់ការកេងប្រវ័ញ្ចណាមួយនោះទេ ក៏ដូចគ្នាសុទ្ធតែជាប្រាសាទដែលគួរតែត្រូវបានទទួលការគោរព និងមិនមែនជាប្រាសាទសម្រាប់សកម្មភាពឯកតោភាគី ឬសម្រាប់ជាទីតាំងប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាឡើយ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារបេតិកភណ្ឌវប្បធម៌៕


Khcct banner

អត្ថបទទាក់ទង