ភ្នំពេញ៖ កាលពី ៣៥ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបញ្ចប់ជម្លោះដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំ និងបើកផ្លូវឱ្យកម្ពុជាវិលត្រឡប់ទៅរកសន្តិភាព ព្រមទាំងចាប់ផ្តើមកសាងប្រទេសឡើងវិញ។
ក្នុងឱកាសនេះ ប្រទេសបារាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការគោរព និងរក្សាមរតកនៃគោលការណ៍ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
គួររំឭកថា ប្រទេសបារាំងបានធ្វើជាម្ចាស់ផ្ទះ និងជាសហប្រធានសន្និសីទសន្តិភាពទីក្រុងប៉ារីសជាមួយប្រទេសឥណ្ឌូនេស៊ី ដែលនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
បារាំងបានសង្កត់ធ្ងន់ថា គោលការណ៍ទាំងនេះនៅតែជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយស្ថិរភាព និងចីរភាព ព្រមទាំងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ចាប់តាំងពីពេលនោះមក កម្ពុជា និងបារាំងបានបន្តកសាងភាពជាដៃគូ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធ និងបន្តឆ្ពោះទៅរកអនាគតរួមគ្នា។
បារាំងក៏បានបញ្ចប់សេចក្តីថ្លែងការណ៍ដោយលើកឡើងថា «ជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល!»។