ភ្នំពេញ៖សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៥ តុលានេះ បានបង្ហោះរូបភាពក្រុមគ្រួសារអមជាមួយខ្លឹមសារទូន្មានដល់លោកឪពុកអ្នកម្តាយ និងយុវជនជំនាន់ក្រោយឱ្យត្រូវប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង កុំអាងលើឪពុកម្តាយដែលមានអំណាច ឬលុយកាក់ ជាពិសេសត្រូវមាន គុណធម៌ សីលធម៌ ចេះគោរពចាស់ទុំ និងចេះជួយអ្នកក្រីក្រ។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពក្រុមគ្រួសារសម្តេចក្នុងន័យប្រាប់ដល់កូនៗ និងចៅៗសម្តេចថា "មានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន។ម្យ៉ាងទៀតក៏ជាមេរៀនសម្រាប់ឪពុកម្តាយកុំទម្រើសកូនឲ្យកូនប្រឹងរៀន និងប្រាប់កូនថាត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក"។
សម្រាប់កូនវិញសម្តេច ហ៊ុន សែន បានបន្តទូន្មានថា ត្រូវតែប្រឹងប្រែងដោយខ្លួនឯង កុំអាងលើឪពុកម្តាយដែលមានអំណាចឬលុយកាក់។អ្វីដែលសំខាន់បំផុតនោះគឺគុណធម៌ សីលធម៌ ចេះគោរពចាស់ទុំចេះជួយអ្នកក្រីក្រកុំភ្លេចថា ខ្លួនជាកូនកសិករជាចៅកសិករនិងជាចៅទួតរបស់កសិករ។