ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានសម្តែងភាពងឿងឆ្ងល់ ដោយប៉ុន្មានថ្ងៃនេះ ព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ធ្លាប់ធ្វើចំការចំនួន៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ តែបែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី។ហើយគេតែងតែយកពត៌មានពីប្រភពដែលផ្សពផ្សាយដោយបណ្តាញពត៌មានថៃ។
តែអ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចំការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។
សម្តេចបានចោទជាសំណួរថា "តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?