Khmer suport khmer cc time

ប្រមុខការទូតកម្ពុជា នឹងទៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកនឹងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទិសដៅ និងអាទិភាពសំខាន់ៗ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាមួយគ្នានេះ កិច្ចប្រជុំនឹងផ្តោតលើការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសសមាជិក ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ក្រៅពីការចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង