ភ្នំពេញ៖ កម្ពុជា និងចិន បានបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងមិនប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្តូរព្រំដែនអន្តរជាតិ។
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលព្រះអង្គទាំងពីរយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបសំណេះសំណាល និងផ្លាស់ប្តូរការសួរសុខទុក្ខដោយភាពស្និទ្ធស្នាល។ ភាគីទាំងពីរក៏បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃជំនួបនានាកន្លងមក ដោយចាត់ទុកថា កិច្ចពិភាក្សាទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ដោយឡែក លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានបន្តគាំទ្រដល់ការសម្របសម្រួលកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី។ លោកបានសង្កត់ធ្ងន់ថា ការរក្សាសន្តិភាពប្រកបដោយចីរភាពចាំបាច់ត្រូវផ្អែកលើការគោរពច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីដោយឯកតោភាគីនោះឡើយ៕