កោះកុង៖ កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញនៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន។ ការចូលរួមក្នុងពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅតារាសាគរ ខេត្តកោះកុង។
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន។
ឯកឧត្តម បន្តថា នៅក្នុងពីធីហត្ថលេខានៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំឱ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ និយាយបន្ថែមថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ៕