
បាត់ដំបង៖ ពូជបន្លែជាច្រើនមុខ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងតំណាងឱ្យប្រជាពលរដ្ឋទាំង៧១១គ្រួសារ មកទទួលដោយលោក លោកស្រី មេភូមិ ចៅសង្កាត់ ចំនួនបួន គឺសង្កាត់ចំការសំរោង ៧៤គ្រួសារ សង្កាត់ក្ដុលដូនទាវ ២០០គ្រួសារ សង្កាត់អូរម៉ាល់ ២៩៤គ្រួសារ និងសង្កាត់វត្តគរ ១៤៣គ្រួសារ ។
លោក ផេង សិទ្ធិ អភិបាលក្រុងបាត់ដំបង និយាយថា ការចែកពូជបន្លែជូនដល់ប្រជាពលរដ្ឋនោះ គឺជាការឆ្លើយតបដើម្បីជួយដោះស្រាយពីប្រមុខរាជរដ្ឋាភិបាល តាមរយៈការស្នើសុំគ្រាប់ពូជបន្លែ រួមផ្សំរបស់រដ្ឋបាលក្រុង សម្រាប់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ៧១១គ្រួសារ ស្ថិតនៅភូមិសាស្ត្រក្នុងសង្កាត់ទាំង៤ ក្រុងបាត់ដំបង គឺសង្កាត់ចំការសំរោង សង្កាត់ក្ដុលដូនទាវ សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់។ លោកអភិបាលក្រុងរូបនេះ បានសំណូមពរដល់មេភូមិ និងចៅសង្កាត់ខាងបួនខាងលើ មកទទួលយកពូជបន្លែទៅចែកជូនប្រជាពលរដ្ឋឲ្យបានគ្រប់ចំនួនតាមការស្នើសុំ។
ទន្ទឹមនេះលោក ផេង សិទ្ធី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ពូជដល់ទៅ ២លើក ជាការរួមចំណែកដោះស្រាយជីវភាពបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសង្កែ លើកទី១ ទទួលបានស្រូវពូជ ចំនួន ៥០០គ្រួសារ សម្រាប់លើកទី២ គឺគ្រាប់ពូជបន្លែ ចំនួន ៧១១គ្រួសារ។
សូមបញ្ជាក់ថា ចំពោះប្រភេទគ្រាប់ពូជបន្លែដែលបានចែកជូនតំណាងប្រជាពលរដ្ឋ មានដូចជា ល្ពៅ ស្ពៃខៀវ ម្រះ ត្រប់ខ្លី ត្រប់វែង ផ្ទីស ននោង ស្ពៃចង្កឹះ និងត្រកួន ដែលអាចស្ដារឡើងវិញ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសង្កែ កាលពីខែតុលា ឆ្នាំ២០២០កន្លងមក ធ្វើឲ្យលិចលង់ រងគ្រោះប៉ះពាល់ដល់ការដាំដុះដំណាំរបស់បងប្អូនក្នុងសង្កាត់ទាំង១០៕
