ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) នៅថ្ងៃទី ១៣ វិច្ឆិកានេះ មានជំនួបលើកដំបូងជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ជាជំនួបដែលលោកចាត់ទុកថា ប្រកបដោយផ្លែផ្កា និងថាហិរញ្ញប្បទាន ១០០លានដុល្លាររបស់អាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាពនៃភាពជាដៃគូដ៏សំខាន់រវាងអាម៉េរិក និងកម្ពុជា។
ជាការចាប់ផ្តើមក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានស្វាគមន៍ចំពោះ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។សម្ដេចសង្ឃឹមថា វត្តមានរបស់លោកនៅក្នុងប្រទេសកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិកកាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេច ហ៊ុន សែន បានប្រាប់ទូតថ្មីរបស់អាម៉េរិក ទាក់ទងទៅនឹងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសម្ដេចបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាឲ្យអស់តែម្ដង ពីព្រោះថាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជាតែឯងនោះទេ កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ ដូច្នេះត្រូវចូលរួមសហការគ្នា។
ជាការឆ្លើយតប លោក គ្រីស្តូហ្វឺ ចន អានដ័រសុន បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់កម្ពុជា ដោយសង្ឃឹមថា កម្ពុជានឹងខិតខំប្រឹងប្រែងជាពិសេស បើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាម៉េរិកនៅក្នុងប្រទេសកម្ពុជា។ទាក់ទងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រួមទាំងតាមរយៈការវិនិយោគ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន បានលើកឡើងពី ហិរញ្ញប្បទានចំនួន ១០០ លានដុល្លាររបស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក (DFC) សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាពបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងសារៈសំខាន់នៃអាម៉េរិក ក្នុងនាមជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា៕