Khmer suport khmer cc time

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ២០២៦ បើកផ្លូវនាំកសិផលខ្មែរប្រកបដោយស្តង់ដារឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ទីផ្សារសាកល» ដោយផ្តោតជាពិសេសលើការពង្រីកពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ វេទិការយៈពេល ២ ថ្ងៃនេះ បានក្លាយជាវេទិកាយុទ្ធសាស្ត្រក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ និងវិនិយោគិនអន្តរជាតិ ដើម្បីរុញច្រានកសិផលខ្មែរឱ្យមានតម្លៃបន្ថែមខ្ពស់នៅលើឆាកអន្តរជាតិ។ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងតភ្ជាប់បណ្តាញធុរកិច្ចស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប ការលើកកម្ពស់ស្តង់ដារគុណភាព និងការស្វែងរកឱកាសវិនិយោគថ្មីៗ តាមរយៈសិក្ខាសាលាជំនាញ និងជំនួបពាណិជ្ជកម្មផ្ទាល់។

លោក Bryan Fornari ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា

លោក Bryan Fornari ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានគូសបញ្ជាក់ក្នុងពិធីបើកថា វេទិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាត្រៀមខ្លួនពង្រឹងគុណភាព និងស្តង់ដារផលិតផលឱ្យត្រូវតាមតម្រូវការទីផ្សារអឺរ៉ុប ខណៈសហភាពអឺរ៉ុបប្តេជ្ញាបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី។ ស្របគ្នានេះ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសអាល្លឺម៉ង់ចង់ឃើញកសិផលកម្ពុជាឈានជើងចូលកាន់តែទូលំទូលាយលើទីផ្សារពិភពលោក ប៉ុន្តែកម្ពុជាត្រូវតែពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនឱ្យបានរឹងមាំជាមុនសិន។

លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា

ថ្លែងពីទិដ្ឋភាពផលិតកម្ម និងការកែច្នៃ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា គោលដៅយុទ្ធសាស្ត្ររបស់កម្ពុជា គឺមិនផ្តោតតែលើ «បរិមាណ» នាំចេញនោះទេ ប៉ុន្តែគឺការធានា «គុណភាព និងស្តង់ដារ» ដែលជាកាតាលីករគន្លឹះក្នុងការឈានចូលទីផ្សារអឺរ៉ុប។ លោកបានរំលឹកថា កាលពីឆ្នាំ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១ លានតោន ប៉ុន្តែមានត្រឹមតែ ២៦% ប៉ុណ្ណោះដែលត្រូវបានកែច្នៃក្នុងស្រុក។ តួលេខនេះឆ្លុះបញ្ចាំងពីភាពចាំបាច់ដែលកម្ពុជាត្រូវពន្លឿនការកែច្នៃ ដើម្បីទាញយកតម្លៃបន្ថែមឱ្យបានអតិបរមា។ 

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

ខណៈ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ដើម្បីសម្រេចនូវសមិទ្ធផលទាំងនេះ ក្រសួងកសិកម្មបន្តពង្រឹងសមត្ថភាពមន្រ្តីកសិកម្ម ក្នុងការចូលរួមគាំទ្រកសិករ ដើម្បីបន្តវិវត្តខ្លួនពីការនាំចេញវត្ថុធាតុដើម ទៅជាការកែច្នៃប្រកបដោយសុវត្ថិភាព គុណភាព និងស្តង់ដារអន្តរជាតិ ដើម្បីបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វេទិកានេះបានក្លាយជាកម្លាំងចលករក្នុងការប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់វិស័យកសិឧស្សាហកម្មជាតិ។ លោកស្រីបានបន្តថា ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ២០២៦ នេះ ការនាំចេញគ្រាប់ស្វាយចន្ទីសម្រេចបានទឹកប្រាក់ប្រមាណ ១.១៩២ លានដុល្លារអាមេរិក ដែលកើនឡើងរហូតដល់ ៤៧,៦៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈការនាំចេញម្រេចសម្រេចបានប្រមាណ ២៩ លានដុល្លារអាមេរិក។ 

លោកស្រីបានផ្តល់ទស្សនទានថា អតិថិជនអន្តរជាតិសព្វថ្ងៃមិនគ្រាន់តែទិញផលិតផលនោះទេ ប៉ុន្តែពួកគេចង់ដឹង «សាច់រឿង» នៅពីក្រោយផលិតផលនោះ។ ហេតុនេះ ការបង្ហាញពីការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកប្រើប្រាស់ ការដាំដុះដោយការទទួលខុសត្រូវ និងការកែច្នៃប្រកបដោយគុណភាព គឺជាតម្លៃស្នូលនៃការទាក់ទាញចិត្តទីផ្សារ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

វេទិការយៈពេលពីរថ្ងៃនេះ មិនត្រឹមតែជាកន្លែងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃយុគសម័យថ្មី ដែលកសិផលកម្ពុជាវិវត្តការដើរតួជាវត្ថុធាតុដើម ចាប់ផ្តើមបង្ហាញអត្តសញ្ញាណជាតិយ៉ាងពេញមោទនភាពនៅលើឆាកអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង