ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (អ៊ែរ ខេមបូឌា/K6) បានប្រកាសពីគម្រោង បើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ឡើងវិញ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រ.ល.អ.ស.) ។ការបើកជើងហោះហើរឡើងវិញនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តផ្នែកប្រតិបត្តិការដែលកំពុងកើនឡើងរបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន និងអនុតំបន់ មេគង្គ ឱ្យកាន់តែស៊ីជម្រៅ។
យោងតាមផែនការនឹងចាប់ផ្តើម នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦ ដោយថ្ងៃហោះហើរ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ហោះ ៣ជើងហោះហើរ ក្នុងមួយសប្តាហ៍។ប្រភេទយន្តហោះគ្រោងប្រើ៖ COMAC C909 ឬប្រភេទយន្តហោះសមស្របផ្សេងទៀត អាស្រ័យលើភាពត្រៀមខ្លួនផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការ ព្រមទាំងការអនុលោមជាធរមាន តាមតម្រូវការសុពលភាពហោះហើរ សុវត្ថិភាព និងបទប្បញ្ញត្តិ ទាំងនៅកម្ពុជា និងនៅឡាវ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រ.ល.អ.ស.) បានរំពឹងទុកការបើកជើងហោះហើរត្រង់ឡើងវិញរវាងភ្នំពេញ និងវៀងចន្ទនឹង ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរតាមរយៈ អ្នកដំណើរ និងភ្ញៀវទេសចរ ខ្សែជើងហោះហើរនេះនឹងផ្តល់ការតភ្ជាប់ផ្ទាល់ដ៏ងាយស្រួលរវាងរដ្ឋធានីទាំងពីរ កាត់បន្ថយរយៈពេលធ្វើដំណើរ និងពង្រីកជម្រើសសម្រាប់ការធ្វើដំណើរទេសចរណ៍ អាជីវកម្ម និងកម្សាន្ត។
សម្រាប់កម្ពុជា និងឡាវ ជើងហោះហើរនេះនឹងជួយសម្រួលដល់ការពង្រឹងពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនទ្វេភាគី ដែលរួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ស្របតាមក្របខ័ណ្ឌអាស៊ាន និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រ.ល.អ.ស.) បានស្វាគមន៍ចំពោះវឌ្ឍនភាពនេះ ដែលជាការរួមចំណែកវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិ និងលើកកម្ពស់អាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យក្លាយ ជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់ដែលកំពុងមានការរីកចម្រើន៕