ភ្នំពេញ៖ រាជធានីភ្នំពេញ បេះដូងសេដ្ឋកិច្ចរបស់កម្ពុជា នាថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នឹងក្លាយជាទីតាំងនៃការប្រមូលផ្តុំជួបជុំរបស់ ទេសាភិបាលធនាគារកណ្តាល អ្នកបង្កើតនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំមកពីទូទាំងតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលអ្នកជំនាញអន្តរជាតិទាំងអស់នេះនឹងចូលរួមក្នុង វេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ជាលើកដំបូងនៅភ្នំពេញ។
វេទិកាអន្តរជាតិនេះ រៀបចំឡើងដោយមានកិច្ចសហការរវាង ធនាគារជាតិនៃកម្ពុជា (NBC) និងស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN) ក្នុងគោលដៅចែករំលែកបទពិសោធគន្លឹះ ក្នុងវិស័យហិរញ្ញវត្ថុ។
យោងតាមការប្រកាសធនាគារជាតិនៃកម្ពុជា (NBC) ក្នុងវេទិកាអន្តរជាតិនេះ នឹងមានប្រធានបទសំខាន់ៗចំនួន ៤ រួមមាន ទី១- ច្រករបៀងសេដ្ឋកិច្ច៖ ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន ទី២- ពីកន្លែងសាកល្បងបច្ចេកវិទ្យា ទៅកាន់ការអនុវត្តទ្រង់ទ្រាយធំ៖ លក្ខខណ្ឌតម្រូវក្នុងការប្រែក្លាយនវានុវត្តន៍ហិរញ្ញវត្ថុ ឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធផ្លូវការ ទី៣ ការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន៖ ប្រព័ន្ធ QR ការផ្ទេរប្រាក់ និងការទូទាត់ និងទី៤៖ ពីការតភ្ជាប់ទ្វេភាគី ទៅជាបណ្តាញទំនាក់ទំនងតំបន់៖ ការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងទ្រង់ទ្រាយធំ។
ឆ្លៀតក្នុងឱកាសនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រដូចប្រព័ន្ធទូទាត់កម្ពុជាសព្វថ្ងៃដូចគ្នាលំហូរទឹកនៅទន្លេ "ចតុមុខ" ឬទន្លេបួនមុខ។ក្នុងចំណោមទន្លេទាំងបួន ទន្លេសាប មានបាតុភូតទឹកហូរពិសេសផ្តាច់គេ ដោយផ្លាស់ប្តូរទិសដៅលំហូរទឹកជាទៀងទាត់ គឺម្តងហូរចូល និងម្តងហូរចេញ។
សម្រាប់ប្រព័ន្ធទូទាត់កម្ពុជា ក៏បានបង្កើតសមិទ្ធផលដ៏ពិសេសលេចធ្លោស្រដៀងគ្នានេះដែរ។ជំនួសឱ្យការកសាងឡើងដោយយកតាមគំរូនៃការអភិវឌ្ឍរបស់ប្រទេសផ្សេងៗ កម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់តាមលំនាំផ្ទាល់ខ្លួន ដែលសមស្របនឹងស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។
តាមរយៈប្រព័ន្ធបាគង (Bakong) កម្ពុជាបានសម្រេចការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន ឡាវ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម និងកំពុងពង្រីកការតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា នាពេលខាងមុខ។ បច្ចុប្បន្ន អាជីវករ និងពាណិជ្ជករជាង ២៥០ លាននាក់ នៅទូទាំងតំបន់ អាចទទួលការទូទាត់សងប្រាក់តាមរយៈប្រព័ន្ធបាគងបានយ៉ាងទូលំទូលាយ៕