តាកែវ៖ នៅរយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូករៀបចំឡើងដោយរដ្ឋបាលខេត្តតាកែវ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១,១លាននាក់ ឱ្យចូលរួមទស្សនា និងកម្សាន្ត។ជាចំនួនកើនឡើង បើធៀបឆ្នាំកន្លងទៅ ហើយការកើនឡើងនេះ ក្រោយពីរដ្ឋបាលខេត្តសម្ពោធដាក់ដំណើរការរូបសំណាកបង្កងដ៏ធំ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃនេះ ថា ពិធីបុណ្យអុំទូកនៅខេត្តតាកែវរយៈពេល២ថ្ងៃ នៅឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរសរុបជាង ១,១លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៥៧២ នាក់។លោកថា ចំនួននេះ គឺមានការកើនឡើងច្រើនបើធៀបឆ្នាំកន្លងទៅ។
ការកើនឡើងនេះ គឺក៏ដោយសារខេត្តតាកែវ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុង ដូចជាផ្លូវថ្នល់ និងសួនច្បារ ជាពិសេសរូបសំណាកបង្កងដ៏ធំមួយនៅបឹងតាកែវ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងទាក់ទាញភ្ញៀវឱ្យមកទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។
តាមរយៈវីដេអូ និងរូបភាព ចេញផ្សាយតាមបណ្តាញសង្គម គេឃើញមនុស្សម្នាជាច្រើននាក់ បានសម្រុកទៅទីតាំងរូបសំណាកបង្កងយក្ស ដើម្បីបានមើលផ្ទាល់ និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ដោយត្រូវតម្រង់ជួរគ្នា ហើយខ្លះទៀតត្រូវរង់ចាំជាច្រើនម៉ោងទើបបានចូល និងអ្នកខ្លះត្រូវវិលត្រឡប់ទៅផ្ទះវិញដោយមនុស្សច្រើនកក់ស្ទះខ្លាំង។
គួរបញ្ជាក់ថា រូបសំណាក «បង្កងយក្ស» នៅបឹងតាកែវ ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។រូបសំណាកបង្កងដ៏ធំមួយនេះ មានបណ្តោយប្រវែង ៦ម៉ែត្រ និងទទឹង ប្រវែង ២,៥ម៉ែត្រ ដង្កៀប ប្រវែង ៤,៥ម៉ែត្រ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ខេត្តតាកែវ៕