ភ្នំពេញ៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងនូវក្តីរំពឹងទុកយ៉ាងមុតមាំចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំនិងឆ្ពោះទៅរក ក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP+ នាពេលអនាគត ដែលនឹងក្លាយជាកាតាលីករយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការលើកកម្ពស់សក្តានុពលនីហរណកម្ម និងការទាក់ទាញទុនវិនិយោគផ្ទាល់ពីអឺរ៉ុបមកកាន់កម្ពុជា។ការសម្តែងក្តីរំពឹងនេះ ធ្វើឡើងកិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
ក្នុងកិច្ចសន្ទនានោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយផ្ដល់នូវបរិយាកាសវិនិយោគដែលមានភាពអំណោយផល ស្ថិរភាព និងភាពព្យាករណ៍បាន។លោកបានចែករំលែកអំពីវឌ្ឍនភាពនៃការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។តាមរយៈសមិទ្ធផលនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ ៣០% ដែលជាកត្តាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងចាត់ទុក កិច្ចសន្ទនានេះ គឺជាវេទិកាដ៏មានសារប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា។លោក បានបង្ហាញសុឆន្ទៈក្នុងការផ្តល់កិច្ចគាំទ្រនានា ចំពោះផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែល ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឡើងនាពេលខាងមុខ។
ក្នុងកិច្ចសន្ទនានោះ លោក Igor Driesmans បានរំលេចអំពីខួបលើកទី២៥ នៃការអនុវត្តគំនិតផ្តួចផ្តើម «ការអនុគ្រោះពន្ធទាំងអស់លើកលែងតែសព្វាវុធ» (Everything But Arms - EBA) របស់សហភាពអឺរ៉ុប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើសពីនេះ ឯកឧត្តមបានសម្តែងនូវក្តីរំពឹងទុកយ៉ាងមុតមាំចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំនិងឆ្ពោះទៅរក ក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP+ នាពេលអនាគត ដែលនឹងក្លាយជាកាតាលីករយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការលើកកម្ពស់សក្តានុពលនីហរណកម្ម និងការទាក់ទាញទុនវិនិយោគផ្ទាល់ពីអឺរ៉ុបមកកាន់កម្ពុជា៕