Khmer suport khmer cc time

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាធានា«សុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ»ដល់ទេសចរពេលមកដល់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ទីក្រុងទុងហ័ង៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ( Dunhuang) ខេត្តគ័នស៊ូ (Gansu) ប្រទេសចិន។ក្នុងវេទិកាអន្តរជាតិនោះ លោកបានប្រកាសធានាថា "កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសូមអញ្ជើញមិត្តចិន និងមិត្តអន្តរជាតិទាំងអស់ មកទស្សនាកម្ពុជា ដោយក្តីជឿជាក់ និងមានទំនុកចិត្ត" សារដ៏មុតមាំ និងជាក់ច្បាស់របស់កម្ពុជាដល់ប្រទេសជាង៥០ពីគ្រប់ទ្វីប។

ក្នុងវេទិកានោះ លោក ហួត ហាក់ បានសម្តែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះចំនួន ៨លើកកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តគ័នស៊ូ និងរដ្ឋបាលក្រុងទុនហ័ង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។លោក ខេត្តគ័នស៊ូ គឺជាមជ្ឈមណ្ឌលស្នូលនៃវិថីសូត្របុរាណដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ទេសចរណ៍ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសរូងភ្នំម៉ូកៅ នៅទីក្រុងទុនហ័ង រីឯកម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រវត្តិសាស្ត្រ និងជាជាច្រើនសុទ្ធសឹងជាកំណប់ទ្រព្យនៃអរិយធម៌មនុស្សជាតិ ដែលគំនិតផ្តួចផ្តើម «កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» បានក្លាយជាចំណុចដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌តាមបណ្តោយវិថីសូត្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលមានបេតិកភណ្ឌពិភពលោកដូចគ្នា។

តាមរយៈ ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រលើកទី៩នេះ  លោក ហួត ហាក់ យល់ថា គឺជាវេទិកាទេសចរណ៍វប្បធម៌ដ៏មានសារៈសំខាន់ក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ទឿងអស់ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។លោកថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយបានត្រៀមខ្លួនជាស្រេចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះមិត្តចិន និងមិត្តអន្តរជាតិទាំងអស់ មកទស្សនាកម្ពុជាដែលជាទីកន្លែងដែលធានាថារាល់ការស្នាក់នៅ ការកម្សាន្តទេសចរណ៍ និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូន ទទួលបាននូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» បានធ្វើឡើងនៅទីក្រុងទុងហ័ង ( Dunhuang) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន,ដោយមានការអញ្ជើញចូលរួមពីលោក Wu Xiaojun លេខាធិការបក្សប្រចាំខេត្តគ័នស៊ូ, លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, លោក Jiang Hui អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, លោក Sun Weidong អគ្គលេខាធិការដ្ឋានយន្តការចិន-អាស៊ីកណ្តាល, លោក Shahbaz Khan នាយកការិយាល័យប្រចាំតំបន់អាស៊ីបូព៌ារបស់អង្គការយូណេស្កូ ព្រមទាំងប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង ៤០០ រូបពីប្រទេសជាង ៥០ ពីគ្រប់ទ្វីប៕


Khcct banner

អត្ថបទទាក់ទង