Khmer suport khmer cc time

ក្រសួងទេសចរណ៍ចុះគាំទ្រឈ្វេងយល់អំពី«ស្បៃខ្មែរ»ដែលរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចុះទស្សនាសកម្មភាព និងឈ្វេងយល់អំពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនស្បៃ ដែលរៀបចំឡើងដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា។

ក្រសួងទេសចរណ៍ បានចាត់ទុក «ស្បៃខ្មែរមួយផ្ទាំង ជាចំណងអនុស្សាវរីយ៍មួយ ដែលនាំយកភាពប្រណិតនៃសិល្បៈខ្មែរ ភាពកក់ក្តៅនៃបដិសណ្ឋារកិច្ច និងមិត្តភាពពីកម្ពុជា ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញចូលរួមឈ្វេងយល់ពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនលើស្បៃដោយផ្ទាល់។ ស្បៃខ្មែរ ជាសម្លៀកបំពាក់ប្រពៃណីដ៏ប្រណិត ដែលឆ្លុះបញ្ចាំងពីភាពឆើតឆាយ អត្តសញ្ញាណវប្បធម៌ និងស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។ ស្បៃត្រូវបានប្រើប្រាស់តាំងពីបុរាណ និងបន្តវិវត្តរហូតមកដល់បច្ចុប្បន្ន ដោយមានការសត្បាញ និងតុបតែងលម្អយ៉ាងល្អិតល្អន់ ជាមួយក្បាច់រចនាដែលផ្សារភ្ជាប់នឹងសិល្បៈខ្មែរ និងតំណាងឱ្យភាពរុងរឿង ថ្កុំថ្កើន និងសុភមង្គល។

ការត្រៀមស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ក្នុងការទទួលស្វាគមន៍គណៈប្រតិភូប្រកបដោយភាពកក់ក្តៅ ព្រមទាំងជាឱកាសផ្សព្វផ្សាយសិល្បៈហត្ថកម្ម និងសម្បត្តិវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង