Khmer suport khmer cc time

អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រគល់រង្វាន់ធំលើក២ ដល់អ្នកឈ្នះឆ្នោតផ្សងសំណាងអបអរខួប ១ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ខេត្តកណ្តាល​៖  អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នាថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីប្រគល់រង្វាន់ដល់អ្នកឈ្នះឆ្នោតផ្សងសំណាងចំនួន ៣៨រង្វាន់ ដែលទទួលបានឈ្មោះក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ពិធីប្រគល់រង្វាន់លើកទី២ នេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់យុទ្ធនាការ “ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ” ដើម្បីអបអរសាទរខួបគម្រប់ ១ឆ្នាំ នៃការដាក់ឱ្យដំណើរការអាកាសយានដ្ឋាន។

ឱកាសដ៏ពិសេសនាថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពខ្ពង់ខ្ពស់ពីលោក Yee Con Long នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិតេជោ, លោកស្រី Lychin នាយិកាប្រតិបត្តិនៃគម្រោង ធី.អាយ.អេ. ស៊ីធី, លោកស្រី ប៉ាល់ ប៉ុណ្ណារី និងលោកស្រី ម៉ៃ សុខចាន់មរកត តំណាងនាយដ្ឋានពាណិជ្ជកម្ម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ កម្មវិធីបានប្រគល់រង្វាន់ធំប្រចាំឆ្នាំ ផ្ទះអាជីវកម្ម ធី.អាយ.អេ. ស៊ីធី (TIA City Shophouse) ១ខ្នង ជូនដល់អតិថិជនឈ្មោះ វ៉ន លីណា (VON LINA) ដែលបានចំណាយប្រាក់ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាម្ចាស់ប័ណ្ណផ្សងសំណាងមានលេខសម្គាល់ NO.0000373 ។

ចំណែករង្វាន់ ៣៧ ផ្សេងទៀត រួមមាន ទូរទឹកកក ១រង្វាន់, ទូរទស្សន៍ UHD Smart TV ទំហំ ៦៥ អ៊ីញ ១រង្វាន់, ខ្សែដៃ Pandora ១ រង្វាន់, កុំព្យូទ័រយួរដៃ Dell Inspiron 15 ២រង្វាន់, ប័ណ្ណធ្វើដំណើរ Pass App តម្លៃ ៥០០ដុល្លារ ១០រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ២០០ដុល្លារ ១០រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ១០០ដុល្លារ ៥រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ៥០ដុល្លារ ១០រង្វាន់, លេខកូដប្រូម៉ូសិន LM Move តម្លៃ ១០០ដុល្លារក្នុងមួយរង្វាន់ ៥រង្វាន់, កាតបញ្ចូលទឹកប្រាក់ Cellcard តម្លៃ ១០៥ដុល្លារ ១០រង្វាន់, និង ប័ណ្ណស្នាក់នៅសណ្ឋាគារ Dara Hotel រយៈពេលមួយយប់ ២រង្វាន់។

លោក Yee Con Long នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រសាសន៍ថា ការប្រគល់រង្វាន់ដល់ម្ចាស់ឆ្នោតផ្សងសំណាងលើកទី២ មានគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អ្នកដំណើរ ព្រមទាំងភ្ញៀវទាំងអស់ដែលបានលេងកម្សាន្តនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងចូលរួមអបអរខួបគម្រប់ ១ឆ្នាំនៃដំណើរការអាកាសយានដ្ឋាន។ នាឱកាសនេះដែរ លោកនាយកប្រតិបត្តិ បានបញ្ជាក់បន្ថែមថា នៅអាកាសយានដ្ឋានមានហាងទំនិញ ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗ ដែលងាយស្រួលក្នុងការជ្រើសរើស និងសម្បូរបែបសម្រាប់អ្នកដំណើរមកកាន់អាកាសយានដ្ឋាន។

ម្ចាស់ឆ្នោតផ្សងសំណាងដែលទទួលរង្វាន់ខាងលើ បានចំណាយទឹកប្រាក់ចាប់ពី ៣០ ដុល្លារអាមេរិកឡើងទៅ លើការទទួលទានអាហារនៅភោជនីយដ្ឋាន ទិញទំនិញតាមបណ្តាហាងនានាក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦៕


Khcct banner

អត្ថបទទាក់ទង