Khmer suport khmer cc time

កម្ពុជា ទទួលបានចំណូលពីការនាំចេញ«គ្រាប់ស្វាយចន្ទី» កើនឡើងប្រមាណ ៤៧.៦៤% ធៀបនឹងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម 

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើងប្រមាណ ៤៧.៦៤% ធៀបនឹងឆ្នាំ២០២៥។ នេះបើតាមប្រសាសន៍របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុង«វេទិកាពាណិជ្ជកម្មស្វាយចន្ទីរ និងម្រេចកម្ពុជា២០២៦» នាព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២៦។

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២៦នេះ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ទីផ្សារសាកល» ដោយផ្តោតជាពិសេសលើការពង្រីកពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅមុខភ្ញៀវជាតិ និងអន្តរជាតិថា គ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ព្រមទាំងបានគូសបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នកំពុងមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗ ដូចជា Costco, E.Leclerc, Carrefour និង Tesco ជាដើម។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម 

បើតាម លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមានសមត្ថភាពកែច្នៃសរុបប្រមាណ ៨៦.៨០០តោនក្នុងមួយឆ្នាំ ខណៈបរិមាណកែច្នៃជាក់ស្តែងមានត្រឹម ២២.៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពដែលមានស្រាប់។

ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក៕


Khcct banner

អត្ថបទទាក់ទង