ភ្នំពេញ៖ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងរៀបចំពិធីសម្ពោធពិព័រណ៍រូបថតលើកទីពីររបស់ខ្លួន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងបរិវេណដេប៉ាតឺម៉ង់នេះផ្ទាល់។ ហើយថ្មីៗនេះ ក្រុមនិស្សិតកំពុងអំពាវនាវ និងសំណូមពរជូនដល់សាធារណជន បណ្ដាក្រុមហ៊ុននានា ដែលមានបំណងចង់ធ្វើជាដៃគូឧបត្ថម្ភគាំទ្រក្នុងពិព័រណ៍រូបថតនេះ។
កាលពីថ្ងៃទី០៦ មីនា ២០២០ កន្លងទៅ លោក ផន ភារិទ្ធ ជាគ្រូបង្រៀនផ្នែកបច្ចេកទេសថតរូប បានឲ្យដឹងថា ពិព័រណ៍រូបថតនេះ ត្រូវបានរៀបចំឡើងដើម្បីដាក់តាំងបង្ហាញស្នាដៃថតរូបរបស់និស្សិតឆ្នាំទី២ បន្ទាប់ពីពួកគេបានសិក្សាអំពីបច្ចេកទេសថតរូបពេញមួយឆមាសមក។ គ្រប់រូបថត ដែលនឹងដាក់តាំងនោះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីស្ថានភាពតថភាពសង្គមដែលកើតមានឡើងនាពេលបច្ចុប្បន្នផងដែរ។
លោកបានបន្ថែមថា «យើងត្រូវការដៃគូឧបត្ថម្ភគាំទ្រយ៉ាងចាំបាច់ ដើម្បីចូលរួមគាំទ្រ និងសហការនៃដំណើរការពិព័រណ៍នេះ ហើយមិនមែនធ្វើតែមួយឆ្នាំនោះទេ គឺនៅមានឆ្នាំក្រោយៗទៀត។ ការបង្ហាញព័ត៌មានតាមរយៈស្នាដៃរូបភាពធ្វើឲ្យសាធារណជនឆាប់ទទួលដឹង វិភាគព័ត៌មាន និងសិក្សាស្វែងយល់បានច្រើន មានន័យថាអ្នកទាំងអស់គ្នាក៏បានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍ និងអប់រំសង្គម។ ម្យ៉ាងវិញទៀត សិល្បៈនៃការថតរូប បច្ចុប្បន្នមានគេចាប់អារម្មណ៍ច្រើនផងដែរ»។
លោក អ៊ុង ប៊ុនអ៊ី ជាប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា «ការតាំងពិព័រណ៌រូបថត DMC Photo Festival នេះ បានបង្ហាញពីលទ្ធផលការសិក្សាដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ចំណេះដឹង ចំណេះធ្វើ និងឥរិយាបថសីលធម៌វិជ្ជាជីវៈក្នុងនាមជានិស្សិតផ្នែកសារព័ត៌មាន។ លោកលើកឡើងថា ដេប៉ាតឺម៉ង់ក៏ចង់ជំរុញឲ្យនិស្សិតយកឱកាសនេះ ដើម្បីសិក្សាស្រាវជ្រាវពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានាក្នុងសង្គមជាក់ស្ដែង ហើយយកមកឆ្លុះបញ្ចាំងតាមរយៈជំនាញដែលខ្លួនបានសិក្សា» ។
លោកបន្តថា «តាមរយៈការតាំងពិព័រណ៍រូបថតនេះ សាធារណជនក៏មានឱកាសបានដឹងឮ ក៏ដូចជាយល់ដឹងពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ព្រោះថាពួកគេក៏ជាផ្នែកមួយនៃរឿងរ៉ាវសង្គមទាំងនោះដែរ» ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ធ្លាប់ធ្វើពិធីសម្ពោធរូបថតលើកដំបូងឈ្មោះថា (Behind the Reality) នៅដេប៉ាតឺម៉ង់(DMC) ចំនួន ០៣គម្រោង ដែលបានទទួលការគាំទ្រពីទស្សនិកជនលើសពីការរពឹងទុកផងដែរនោះ ហើយប្រិយមិត្តមកទស្សនាហើយមានការសរសើរមិនដាច់ពីមាត់នូវទេពកោសល្យ និងការខិតខំប្រឹងប្រែងរហូតបានជារូបថតមួយសន្លឹកៗ សំរាប់តាំងពិព័រណ៍ដែលបានផ្សារភ្ជាប់ទាំងទ្រឹស្ដីរបស់និស្សិតឆ្នាំទី២ ទៅនឹងការអនុវត្តជាក់ស្ដែង ដែលជួយជំរុញលើកទឹកចិត្តពួកឱ្យមានភាពច្នៃប្រឌិតដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តដើម្បីផ្ដិតយកអត្ថន័យរូបភាពដែលសាកសមនឹងបរិបទបញ្ហា តថភាពពិតជាក់ស្ដែងក្នុងសង្គម ហើយឆ្លុះបញ្ចាំងតាមរយៈផ្ទាំងរូបភាពប្រហែល ២៥០ សន្លឹកនោះ។
ដោយឡែក ឆ្នាំនេះថ្ងៃទី០២ ខែឧសភា ដេប៉ាតឺម៉ង់នឹងមានការរៀបចំពិធីសម្ពោធពិព័រណ៍រូបថតជាលើកទីពីរឈ្មោះថា DMC Photo Festival ដោយស្នាដៃថតក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី ១៨ ចាប់ពីវេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ខាងមុខនេះ ដែលមានគម្រោងចំនួនទៅដល់ ០៩គម្រោងមានដូចជា
១. ចំណែកមួយនៃទីក្រុង
២. ឯកសណ្ឋានយើង អត្តសញ្ញាណយើង
៣. ម្ហូបយើង អត្តសញ្ញាណយើង
៤. ជីវិតបីសម័យកាល
៥. I Am Social Media
៦. ក្រោមលោកតែមួយ វាសនាខុសគ្នា
៧. តើសំរាមមកពីណា?
៨. នាដកាតូច
៩. គេចពីភពងងឹត ។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ពោធពិព័រណ៍រូបថត (DMC Photo Fest 2020) ត្រូវបានថ្លែងថា ចំនួន ៣២ថ្ងៃ នឹងបើកឱ្យចូលរួមដោយសេរី នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ហើយក្នុងកំឡុងពេលប្រចាំសប្ដាហ៍ ដេប៉ាតឺម៉ង់មានសិក្ខាសាលាទាក់ទងប្រធានបទដូចជា គន្លឹះក្នុងការថតរូបបែបអាជីវកម្ម កិច្ចពិភាក្សាលើអាជីពជាអ្នកថតរូប ការណែនាំឱ្យស្គាល់ក្បាច់បាតនៃរបាំខ្មែរ និងបាឋកថាទាក់ទងនឹងសុខភាពផ្លូវចិត្តជាដើម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដេញសារព័ត៌មាននានា ក្រុមនិស្សិតទាំងអស់គ្នា ក្នុងនាមជាអ្នកពាក់ព័ន្ធក្នុងពិធីទាំងមូល សូមអំពាវនាវ និងសំណូមពរទៅដល់បណ្ដាក្រុមហ៊ុន-ស្ថាប័ននានាទាំងរដ្ឋ និងឯកជនដែលមានបំណងចង់ជួយចូលរួមចំណែកក្នុងការជួយគាំទ្រនិងធ្វើជាដៃគូឧបត្ថម្ភទាំងថវិកា និងជាសម្ភារៈផ្គត់ផ្គង់ទៅតាមបរិបទ មានលទ្ធភាពគ្រប់គ្រាន់ដែលជាទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់គម្រោងពិព័រណ៍ DMC Photo Festival ឬ តាមរយៈលេខទូរសព្ទ ០៩៦ ៦៥ ៥៦ ៤១៩ ឬ ០៧៨ ៩៤៣ ៥៧៧។