ស្វាយរៀង៖ មន្ត្រីជំនាញក្រសួងសន្តិសុខសាធារណៈចិន ចុះត្រួតពិនិត្យទីតាំងដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងត្រូវបានបិទខ្ទប់កន្លងមក ស្ថិតក្នុងតំបន់ OP ក្រុងបាវិត ខេត្តស្វាយរៀង។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់លោក ម៉ែន អេង អភិបាលរងខេត្ត និងមានការដឹកនាំនីតិវិធីដោយលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក ឡុច សុខលៀង ប្រធានក្រុមការងារប្រតិបត្តិការ និងនីតិវិធី នៃលេខាធិការដ្ឋាន គ.ប.ឆ.ប.។
យោងតាមសេចក្តីប្រកាសពីរដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យ ក្រុមការងារបានពិនិត្យស្ថានភាពជាក់ស្តែងនៃអគារទាំងអស់នៅក្នុងទីតាំងខាងលើ។
បើតាមរដ្ឋបាលខេត្ត ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
សកម្មភាពនេះ ជាការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការបង្កើនការចូលរួម និងពង្រឹងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕