Khmer suport khmer cc time

រាជធានីភ្នំពេញនៅតែរក្សាមរតកស្ថាបត្យកម្មបារាំង ដែលមានអាយុកាលរាប់ទសវត្សរ៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រាជធានីភ្នំពេញនៅតែមានសំណង់អគារចាស់ៗជាច្រើន ដែលមានរូបរាង និងរចនាបថស្ថាបត្យកម្មបែបអាណានិគមបារាំង តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០។ សំណង់ទាំងនេះបានបន្សល់ទុកនូវស្លាកស្នាមប្រវត្តិសាស្ត្រ និងជាផ្នែកមួយនៃអត្តសញ្ញាណស្ថាបត្យកម្មរបស់រាជធានី។ ក្នុងចំណោមសំណង់ដែលមានរចនាបថបែបនេះ រួមមានផ្សារកណ្តាល ផ្សារចាស់ និងផ្សារធំថ្មី ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ។

សំណង់អគារមួយចំនួននៅតែរក្សាបាននូវរូបរាងដើម ដោយម្ចាស់អគារបានជួសជុល និងលាបពណ៌ថ្មី ខណៈដែលរចនាបថស្ថាបត្យកម្មដើមនៅតែត្រូវបានរក្សាទុក។ ប៉ុន្តែ សំណង់មួយចំនួនទៀតដែលមានសភាពទ្រុឌទ្រោម ត្រូវបានម្ចាស់រុះរើចោល ដើម្បីសាងសង់អគារថ្មីជំនួសវិញ។

ដោយមើលឃើញពីតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មនៃសំណង់ទាំងនេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់លើការអភិរក្សអគារចាស់ៗ ដើម្បីលើកកម្ពស់តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា។ ជាមួយគ្នានេះ ស៊ីក្លូ ដែលជាយានជំនិះសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរតាមដងផ្លូវ ក៏ជាមធ្យោបាយធ្វើដំណើរមួយដែលមានប្រវត្តិកំណើតតាំងពីសម័យអាណានិគមបារាំងផងដែរ។

ការរៀបចំកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ក៏ជាឱកាសមួយក្នុងការបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ជាពិសេស ការអញ្ជើញចូលរួមរបស់ប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំនេះ កាន់តែបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ៕


Khcct banner

អត្ថបទទាក់ទង