Khmer suport khmer cc time

អាល្លឺម៉ង់ បន្តគាំទ្រកម្ពុជាលើការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម និងការអភិវឌ្ឍសហគ្រាស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការអភិវឌ្ឍសហគ្រាសក្នុងស្រុក ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការជំរុញការវិនិយោគ។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រសហគ្រាសក្នុងស្រុក អភិវឌ្ឍស្តង់ដារគុណភាព និងទាក់ទាញការវិនិយោគ។

ក្នុងជំនួបនេះ លោក ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមជាដៃគូយ៉ាងសកម្មជាមួយកម្ពុជាតាមរយៈអង្គការ GIZ និងវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) ក្នុងការជួយអភិវឌ្ឍសហគ្រាស លើកកម្ពស់ស្តង់ដារ និងពង្រឹងវិស័យមាត្រាសាស្ត្រ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីផែនការពង្រីកសេវាគាំទ្រសហគ្រាសតាមប្រព័ន្ធឌីជីថល រួមមានថ្នាលព័ត៌មាន KhmerSME សេវាប្រឹក្សាតាមអនឡាញដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសេវាជំនួយតាមទូរសព្ទលេខ ១២៦៥។ សេវាទាំងនេះមានគោលបំណងជួយឱ្យសហគ្រាសនៅទូទាំងប្រទេសទទួលបានព័ត៌មាន និងការប្រឹក្សាចាំបាច់ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងផ្តល់សេវាឡើយ។

លោកបានសង្កត់ធ្ងន់ថា ការធ្វើបរិវត្តកម្មឌីជីថលមិនមែនគ្រាន់តែជានិន្នាការថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់អាជីវកម្មក្នុងការរក្សាសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ដូច្នេះ កម្ពុជាចង់ឃើញសហគ្រាសធុនតូច និងមធ្យមមានសមត្ថភាពកាន់តែប្រសើរ ដើម្បីប្រកួតប្រជែងទាំងក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការពង្រឹងវិស័យឧស្សាហកម្មក្នុងស្រុក នឹងជួយឱ្យកម្ពុជាឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារ ភ្ជាប់ខ្លួនជាមួយគម្រោងវិនិយោគពីបរទេស និងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច។

ជាការឆ្លើយតប លោកស្រី Silke Röfer បានស្វាគមន៍ចំពោះការបន្តដំណើរការថ្នាលព័ត៌មាន KhmerSME បន្ទាប់ពីគម្រោងគាំទ្ររបស់អង្គការ GIZ បានបញ្ចប់។ លោកស្រីក៏បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការតាមរយៈកម្មវិធី SUCCESS និងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញឱ្យក្រុមហ៊ុនអាល្លឺម៉ង់កាន់តែច្រើនមកស្វែងយល់ពីឱកាសធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា ការរៀបចំដំណើរទស្សនកិច្ចធុរកិច្ចមកកម្ពុជាមានសារៈសំខាន់ ព្រោះការមកឃើញស្ថានភាពជាក់ស្តែង ទទួលបទពិសោធន៍ដោយផ្ទាល់ និងជួបពិភាក្សាជាមួយដៃគូក្នុងស្រុក នឹងជួយឱ្យក្រុមហ៊ុនអាល្លឺម៉ង់វាយតម្លៃឱកាសវិនិយោគបានកាន់តែច្បាស់។

ឆ្លៀតក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានស្នើឱ្យភាគីអាល្លឺម៉ង់ពិចារណាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការជំរុញឧស្សាហកម្មបៃតង ការបង្កើនផលិតភាព ការផ្ទេរបច្ចេកវិទ្យា និងការស្រាវជ្រាវរួមគ្នា ដើម្បីរួមចំណែកពង្រឹងមូលដ្ឋានឧស្សាហកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រកបដោយចីរភាព៕

Khcct banner

អត្ថបទទាក់ទង