Khmer suport khmer cc time

ក្រសួងព័ត៌មាន បើក«យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីបន្តពង្រឹងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ តុលានេះ បានរៀបចំយុទ្ធនាកាឆន្ទៈល្អលើកទី២ ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។

យុទ្ធនាការឆន្ទៈល្អលើកទី២ នេះ មានគោលបំណងបន្តជំរុញការយល់ដឹង និងលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុនផលិត អ្នកចែកចាយ អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និង ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅលើកកម្ពស់ការផ្សព្វផ្សាយ ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

យុទ្ធនាការឆន្ទៈល្អលើកទី២នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមហ៊ុន ផលិតនិងចែកចាយផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករ អ្នកប្រកបអាជីវកម្មក្នុងវិស័យពាក់ព័ន្ធ សមាគមផ្សព្វផ្សាយពាណិជ្ជកម្ម សិល្បៈករ សិល្បៈការិនី អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានជាតិ សរុប ប្រមាណ ៥០០នាក់។

តាមរយៈយុទ្ធនាការនេះ ក្រសួងព័ត៌មាននឹងជំរុញការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីវិធានការ ចាំបាច់នានាដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈដែលមានជាតិស្ករ ដោយផ្តោតលើការលើកកម្ពស់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ការបង្កើនការយកចិត្តទុកដាក់ចំពោះខ្លឹមសារ នៃការផ្សព្វផ្សាយ និងការពង្រឹងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការផលិត ចែកចាយ និងផ្សព្វផ្សាយ ខ្លឹមសារនៃការពាណិជ្ជកម្ម។

ក្រសួងព័ត៌មានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត អ្នកប្រកបអាជីវកម្ម អ្នក ផ្សព្វផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តវិធានការ ពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយ ព័ត៌មានពាក់ព័ន្ធនឹងផលិតផលទាំងនេះ ប្រព្រឹត្តទៅស្របតាមច្បាប់ មានក្រមសីលធម៌ និងគិតគូរដល់ផល ប្រយោជន៍សាធារណៈ៕



Khcct banner

អត្ថបទទាក់ទង