Khmer suport khmer cc time

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការ«បម្រើសេវាសុខាភិបាល» នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងសុខាភិបាល

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពជាក់ស្តែងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ដោយចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច, កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ។

បើតាមក្រសួងសុខាភិបាល លោករដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ។ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី សង្ខេប ចំគោលដៅ និងមានទិន្នន័យតួលេខច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ ជាពិសេសពិនិត្យលើរបាយការណ៍ស្ថិតិជំងឺ។ មន្ទីរពេទ្យត្រូវមានការប្រជុំឱ្យបានទៀងទាត់ ពិនិត្យការគ្រប់គ្រង និងតាមដានការអនុវត្តពិធីសារព្យាបាលឱ្យបានត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេសព្យាបាលសមស្រប។ បន្ថែមពីនេះ ការពិភាក្សាករណីជំងឺធ្ងន់ៗ និងស្មុគស្មាញ ត្រូវពិភាក្សាផ្លាស់ប្តូរយោបល់រវាងក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រព្យាបាលជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាចម្បង។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់នៃ មន្ទីរពេទ្យកុមារជាតិ ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ថែទាំ និងលើកកម្ពស់សុខុមាលភាពមាតា ទារក កុមារឱ្យកាន់ប្រសើរឡើង៕

Khcct banner

អត្ថបទទាក់ទង