Khmer suport khmer cc time

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូងក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នាថ្ងៃទី២៧ តុលាស្អែកនេះ នឹងចាប់ផ្តើមវេទិកាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម"។ វេទិកានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A, B, C) រាជធានីភ្នំពេញ។

ក្នុងវេទិកានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាអធិបតីភាពសម្រាប់វេទិកាថ្នាក់ជាតិរយៈពេល២ថ្ងៃនេះ ដែលមានបទបង្ហាញ និងកិច្ចពិភាក្សាជុំវិញប្រធានបទសំខាន់ៗ រួមមាន÷ គោលនយោបាយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការទទួលបានហិរញ្ញប្បទានតាមរយៈវិស័យធនាគារ និងមិនមែនធនាគារ, ព្រមទាំងតួនាទីនៃទិន្នន័យ និងថ្នាលឌីជីថល។ បន្ថែមពីនេះ វេទិកានឹងមានការរៀបចំកិច្ចសន្ទនាពិសេស ស្តីពី “ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs នៅកម្ពុជា៖ គោលនយោបាយភាពជាដៃគូ កាលានុវត្តភាព និងទិសដៅអនាគត”។

វេទិកាថ្នាក់ជាតិនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការចូលរួមគាំទ្រ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាប្រភពដ៏សំខាន់នៃការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ធនាគារ ARDB បញ្ជាក់ថា នឹងបន្តពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs ប្រកបដោយបរិយាបន្ន និងចីរភាព, សំដៅចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

Khcct banner

អត្ថបទទាក់ទង