Khmer suport khmer cc time

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសចាត់វិធានការគ្មានការលើកលែង លើមន្ត្រីចុះឃាត់ពលរដ្ឋក្នុងទម្រង់«ធ្វើស៊ី»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានប្រកាសចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះន្ត្រីចំណុះក្រសួងមហាផ្ទៃណាដែលគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ ក្នុងទម្រង់«ធ្វើស៊ី»។ការប្រកាសនេះ ធ្វើឡើងក្រោយពីផ្ទុះរឿងករណីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ចហើយទៅចាប់ឃាត់ពលរដ្ឋ។

តាមរយៈបណ្តាញសង្គមរ លោក ស សុខា គូសបញ្ជាក់ថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។

លោកឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។

លោកក៏បានព្រមានថា  បើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់នាំខ្លួន ទោះយកទៅកន្លែងណាក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋនោះ ផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់ «ធ្វើស៊ី»ជាដើមនោះ លោក ស សុខា សង្កត់​ធ្ងន់​ថា៖​ «ទាំងនេះ​គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង ពោលគឺ​ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។

Khcct banner

អត្ថបទទាក់ទង