Khmer suport khmer cc time

ក្រសួងបរិស្ថាន បន្តកំណាយ«ផូស៊ីលឈើ»លើកទី២ នៅស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្ទឹងត្រែង៖ ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន កំពុងចុះសិក្សាស្រាវជ្រាវ និងកំណាយផូស៊ីលឈើលើកទី២ នៅតំបន់ភ្នំភូង៉យ ក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំវិធានការការពារធនធានបេតិកភណ្ឌធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ការកំណាយលើកទី១ នៅតំបន់នេះ ត្រូវបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយរកឃើញផូស៊ីលឈើដែលមានមុខកាត់ប្រមាណ១ម៉ែត្រ និងប្រវែងប្រហែល១៧ម៉ែត្រ។

តាមការវាយតម្លៃបឋម ផូស៊ីលឈើទាំងនេះអាចមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ដល់២លានឆ្នាំ។ ផូស៊ីលដែលបានរកឃើញត្រូវបានសន្និដ្ឋានជាបឋមថា ជាប្រភេទរុក្ខជាតិមានផ្កា និងផ្លែ ដែលជារុក្ខជាតិមានវត្តមានយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា ក្នុងការកំណាយឆ្នាំ២០២៥ ក្រុមការងារក៏បានរកឃើញផូស៊ីលដើមឈើមួយដែលមានប្រវែងរហូតដល់៤០ម៉ែត្រ និងមុខកាត់ប្រមាណ១ម៉ែត្រ ព្រមទាំងផូស៊ីលដើមឈើមួយទៀតនៅក្បែរនោះ ដែលមានប្រវែងប្រមាណ១០ម៉ែត្រផងដែរ។

ដោយសារទទួលបានលទ្ធផលវិជ្ជមានពីការកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តសកម្មភាពកំណាយលើកទី២ ក្នុងឆ្នាំ២០២៦ ដោយរំពឹងថា នឹងអាចរកឃើញផូស៊ីលដើមឈើដែលមានប្រវែងលើសពី៤០ម៉ែត្រ នៅក្នុងទីតាំងតែមួយ។

ជាមួយគ្នានេះ ក្រុមការងារនឹងប្រមូល និងចងក្រងទិន្នន័យវិទ្យាសាស្ត្របន្ថែម ព្រមទាំងរៀបចំផែនការការពារទីតាំងផូស៊ីលដ៏មានតម្លៃនេះ ដើម្បីបង្ការការបំផ្លិចបំផ្លាញ និងថែរក្សាតម្លៃប្រវត្តិសាស្ត្រ ព្រមទាំងសារៈសំខាន់ផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា និងពិភពលោក។

គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារជំនាញបានកំណត់ និងចងក្រងបញ្ជីទីតាំងផូស៊ីលចំនួន៧៨កន្លែង នៅទូទាំងប្រទេស។ ទីតាំងទាំងនេះស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។

ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងផូស៊ីល ក្រសួងបរិស្ថានក៏បានអនុវត្តការងារកំណាយផូស៊ីលនៅតាមតំបន់មួយចំនួនផងដែរ រួមមាន ការកំណាយផូស៊ីលឈើនៅស្រុកលំផាត់ ក្នុងឆ្នាំ២០១៩–២០២០ ការកំណាយរកឃើញផូស៊ីលឆ្អឹងដាយណូស័រជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២២ ការកំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៤ និងការកំណាយផូស៊ីលឈើនៅស្រុកសេសាន ខេត្តស្ទឹងត្រែង លើកទី១ ក្នុងឆ្នាំ២០២៥ ដែលកំពុងបន្តនៅឆ្នាំ២០២៦នេះ។

សកម្មភាពទាំងនេះមានគោលបំណងសិក្សាពីលក្ខណៈរបស់ផូស៊ីល និងស្រទាប់ថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យវិទ្យាសាស្ត្រ ព្រមទាំងវាយតម្លៃ និងរៀបចំវិធានការសមស្រប ដើម្បីការពារ និងអភិរក្សធនធានបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាឱ្យបានយូរអង្វែង៕


Khcct banner

អត្ថបទទាក់ទង