សៀមរាប៖ ក្រោយចំណាយពេលជួសជុលដ៏លំបាកអស់រយៈពេល១៤ឆ្នាំ ឥឡូវនេះ ប្រាសាទមេបុណ្យខាងលិច នឹងបើកឱ្យចូលទស្សនាជាផ្លូវការចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ជាមួយក្តីរំពឹងថានឹងឈរជាមួយកូនខ្មែរជំនាន់ក្រោយរយៈពេលជាង ១០០ឆ្នាំទៅមុខទៀត។
ប្រាសាទមេបុណ្យខាងលិច មានទីតាំងនៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលបុព្វបុរសខ្មែរយើងកសាងឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី ១១ នៃគ្រីស្តសករាជ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ភាពភាពអស្ចារ្យនៃប្រាសាទនេះ គឺរូបព្រះវិស្ណុផ្ទុំ ធ្វើពីសំរិទ្ធ នៅចំកណ្ដាលស្រះនៃប្រាសាទ ព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦ តាមដំណើររឿងកូរសមុទ្រទឹកដោះ។
ក្រៅពីផ្សះភ្ជាប់ពីរឿងទេវកថា ប្រាសាទមេបុណ្យខាងលិច គឺមានលក្ខណៈពិសេសដោយសារមាន រចនាសម្ព័ន្ធនៃការគ្រប់គ្រោងប្រព័ន្ធធានាសាស្ត្របានយ៉ាងល្អ តាំងពីជំនាន់មុនមកដល់ពេលបច្ចុប្បន្ន បម្រើដល់ការស្រោចស្រពដីស្រែជាង ៧០០០ ហិកតារបស់ពលរដ្ឋ និងព្រមទាំងផ្គត់ផ្គងក្នុងការផលិតទឹកស្អាតសម្រាប់ក្រុងសៀមរាប។
បន្ទាប់ពីការជួសជុលដ៏ស្វិតស្វាញរយៈពេល១៤ឆ្នាំ ពីក្រុមអ្នកជំនាញខ្មែរ-បារាំង ប្រាសាទមេបុណ្យខាងលិច ដែលមានទីតាំងនៅចំកណ្តាលបារាយណ៍ខាងលិច ក្នុងតំបន់បុរាណវិទ្យាអង្គរ នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដោយព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ក្រោមវត្តមានលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។
ប្រាសាទ ដែលធ្លាប់តែបែកបាក់ បានបង្ហាញរូបរាងដ៏ស្រស់ស្អាតឡើងវិញ នៅកណ្ដាលផ្ទៃទឹកដ៏ធំល្វឹងល្វើយ បង្ហាញភ្នែកភ្ញៀវទេសចរជាតិ អន្តរជាតិ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោចណាស់ក៏ ៥០ ទៅ១៥០ឆ្នាំខាងមុខ និងលើសនេះ បើមានការថែទាំជាប្រចាំ៕