ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក សា ស៊ុនមូន (SAH Soon Moon) អភិបាលស្រុកឆាងហឹង នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការបញ្ជូនពលកររដូវកាលកម្ពុជាដើម្បីទៅធ្វើការនៅស្រុកឆាងហឹង” នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ការចុះ MoU នេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហការ និងពង្រឹងការផ្លាស់ប្តូររវាងភាគីទាំងពីរ ក្នុងវិស័យកិច្ចសហប្រតិបត្តិការការងារ រួមទាំងការផ្តល់ពលករតាមរដូវកាល តាមរយៈកម្មវិធីពលករតាមរដូវកាលបរទេស (FSW)។
លោករដ្ឋមន្រ្តី បានជម្រាបជូនថា ក្នុងការបន្តចុះ MoU បញ្ជូនពលករទៅធ្វើការនៅកូរ៉េជាច្រើន កម្ពុជាទទួលបានកូតាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ជួយដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មរបស់កូរ៉េ ដែលក៏បញ្ជាក់ឱ្យឃើញពីគុណភាពនៃការបញ្ជូនរបស់កម្ពុជា ជាពិសេសពីការគ្រប់គ្រងនីតិវិធីបញ្ជូន និងសមត្ថភាពនៃការធ្វើការរបស់ពលករ។ ដូច្នេះកម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្នុងស្រុកឆាងហឹង ប្រកបដោយការជឿទុកចិត្តបាន។
លោក ហេង សួរ បានបន្តថា ក្រសួងមានធនធានជាច្រើនសម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ស្រុកឆាងហឹង ដោយបានជ្រើសរើសបេក្ខជនដែលមានបទពិសោធការងារក្នុងវិស័យកសិកម្ម ដើម្បីត្រៀមរួចជាស្រេចក្នុងការបញ្ជូនទៅកូរ៉េ ខណៈដែលការទៅធ្វើការនៅទីនោះគឺជា “ក្តីស្រមៃ” មួយរបស់ពលករកម្ពុជា ដោយសារតែលក្ខខណ្ឌការងារល្អ និងថៅកែចិត្តល្អ។ លោកសង្ឃឹមថា ថៅកែកូរ៉េនឹងផ្តល់ភាពកក់ក្តៅ ហើយរដ្ឋបាលស្រុកឆាងហឹង នឹងផ្តល់ការគាំទ្រយកចិត្តទុកដាក់ដល់ពលករកម្ពុជា ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មឆ្លាតវៃបែបទំនើប។ លើសពីនេះ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ស្រុកឆាងហឹង នឹងបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការកាន់តែច្រើន ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះអាចពង្រីកលើវិស័យដទៃទៀត នៅពេលអនាគត។
ជាការឆ្លើយតប លោក សា ស៊ុនមូន បានលើកឡើងថា ស្រុកឆាងហឹង កំពុងប្រឈមកង្វះកម្លាំងពលកម្មលើផ្នែកជាច្រើន។ ហេតុនេះ វត្តមានពលករកម្ពុជានឹងដោះស្រាយជួយបញ្ហានេះ ពង្រឹងផ្នែកកសិកម្ម និងផ្នែកផ្សេងៗទៀតរបស់កូរ៉េ ដោយលោកអះអាងថា នឹងខិតខំធ្វើឱ្យពលករកម្ពុជាទទួលអារម្មណ៍ថា ធ្វើការនៅទីនោះ គឺដូចជាស្រុកកំណើតទីពីរ និងចង់ត្រឡប់ទៅធ្វើការជាថ្មីម្តងទៀត៕