Khmer suport khmer cc time

កម្ពុជា-ឡាវ ពង្រឹងតភ្ជាប់វិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនលំហូរទេសចរណ៍ ឱកាសធុរកិច្ច និងការវិនិយោគ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ប៉ាកសេ៖ កម្ពុជា និងឡាវ ពង្រឹងការតភ្ជាប់បណ្តាញទេសចរណ៍រវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនលំហូរភ្ញៀវទេសចរពង្រីកឱកាសធុរកិច្ច និងការវិនិយោគទេសចរណ៍ ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ។ ការធ្វើឡើងនេះ ក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស៊ួនសាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នាថ្ងៃទី២១ តុលា ២០២៦។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ការផ្តល់ព័ត៌មានច្បាស់លាស់អំពីលក្ខខណ្ឌចូលប្រទេស និងនីតិវិធីពាក់ព័ន្ធ ការពង្រឹងការតភ្ជាប់មធ្យោបាយដឹកជញ្ជូន ព្រមទាំងការកែលម្អសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរកាន់តែងាយស្រួល មានសុវត្ថិភាព និងអាចទុកចិត្តបាន។

ការចូលរួមពីភាគីទាំងពីរ នឹងជួយបង្កើតបទពិសោធន៍ទេសចរណ៍ចម្រុះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរកម្សាន្តក្នុងប្រទេសទាំងពីរក្នុងដំណើរតែមួយ ដើម្បីឆ្លើយតបនឹងគោលបំណងនៃកម្មវិធីនេះ ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់គោលដៅទេសចរណ៍ឆ្លងដែន ការបង្កើតឱកាសធុរកិច្ច និងការវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្សព្វផ្សាយរួម ការផ្គូផ្គងធុរកិច្ច ការបង្កើតភាពជាដៃគូវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ចីរភាព និងការប្រកួតប្រជែង។ បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តឱ្យមានការបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍រួម ដើម្បីតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ ជាពិសេសខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដោយរួមបញ្ចូលគ្នានូវសក្តានុពលបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ដូចជាប្រាសាទអង្គរ និងប្រាសាទវត្តភូ ព្រមទាំងតំបន់ទេសភាពធម្មជាតិ និងសហគមន៍តាមដងទន្លេមេគង្គ៕

Khcct banner

អត្ថបទទាក់ទង