Khmer suport khmer cc time

អាជ្ញាធរកម្ពុជារកឃើញក្រុមហ៊ុនក្នុងស្រុក៩៨ ពាក់ព័ន្ធជាមួយ ចេន ហ្ស៊ី ខណៈ១០០ក្រុមហ៊ុននៅក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានចាយពេលជាច្រើនខែស្រាវជ្រាវលើសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុបរបស់លោក ចេន ហ្ស៊ី (CHEN ZHI) ជាមេខ្លោង និងបានរកឃើញបណ្តាញក្រុមហ៊ុនក្នុងប្រទេសកម្ពុជាចំនួន ៩៨ ក្រុមហ៊ុន និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេស១០០ ក្រុមហ៊ុន។ក្រៅពីនេះ អាជ្ញាធរកម្ពុជាបានសម្រេចបង្កកទ្រព្យសម្បត្តិដូចជា អគារ កាស៊ីណូ អចលទ្រព្យ ជាច្រើនពាន់កន្លែងក្នុងទំហំទឹកប្រាក់ប្រហែលជិត១ពាន់លានដុល្លាអាម៉េរិក។

ក្នុងរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង Online Scams ដឹកនាំដោយលោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា សំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប គឺជាសំណុំរឿងធំ និងមានភាពស្មុគស្មាញ ព្រោះជាក្រុមហ៊ុនមានបណ្តាញអង្គការចាត់តាំងនៅក្នុង និងក្រៅប្រទេសទេសជាច្រើន។ សម្រាប់នៅកម្ពុជា អាជ្ញាធរបានរកឃើញបណ្តាញក្រុមហ៊ុនក្នុងស្រុកជាប់ពាក់ព័ន្ធជាមួយព្រីនស៍គ្រុបចំនួន ៩៨ ក្រុមហ៊ុន និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេសមានចំនួន ១០០ ក្រុមហ៊ុន។

បើតាមលោក ឆៃ ស៊ីណារិទ្ធ បច្ចុប្បន្ននេះ តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះ សរុបចំនួន៣២ នាក់ បង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន៤ នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន៥ នាក់ ផ្សេងទៀត ព្រមទាំងសម្រេចបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងសំណុំរឿងនេះជាច្រើនទៀត។

ឧក្រិដ្ឋជន Online Scams ដែលជាមេខ្លោងចំនួន៦ នាក់មានជាអាទិ៍៖ លោក ចេន ហ្ស៊ី, លី សុង, លីវ យិន, អ៊ឹង ដារ៉ា, ឈ្មោះ អៀង សុខលីម, និងឈ្មោះ Huang Ron ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ចំពោះក្រុមជនត្រូវចោទ និងមេខ្លោងផ្សេងទៀត ២៩ នាក់ កំពុងគេចខ្លួនទៅក្រៅប្រទេស ហើយសមត្ថកិច្ចកម្ពុជា និងប៉ូលីសអន្តរជាតិកំពុងសហការតាមចាប់ខ្លួន។

ចំពោះទ្រព្យសម្បត្តិនានាដូចជាអគារ កាស៊ីណូ អចលទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យជាច្រើនពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានអាជ្ញាធរកម្ពុជាបង្កករក្សាទុកប៉ាន់ស្មានជាទឹកប្រាក់ស្មើក្នុងរង្វង់ជិត១ពាន់លានដុល្លាអាម៉េរិក ហើយទ្រព្យទាំងអស់នោះ តុលាការកំពុងពិនិត្យចាត់ចែងដាក់ឱ្យមកស្ថិតក្រោមការគ្រប់គ្រង ឬជាសម្បត្តិរបស់រដ្ឋ ឬឈានទៅសម្រេចការរឹបអូសជាស្ថាពរស្របតាមច្បាប់ និងនីតិវិធីជាធរមាននាពេលខាងមុខ៕

លោក ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា  បច្ចុប្បន្ន សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយភ្នាក់ងារ FBI របស់អាម៉េរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ក្នុងការបន្តស្រាវជ្រាវស៊ើបអង្កេត ស្នើសុំផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រមូលភស្តុតាងជូនតុលាការធ្វើការសម្រេចផ្តន្ទាទោសជនល្មើស និងបណ្តាញក្រុមឧក្រិដ្ឋជន៕

Khcct banner

អត្ថបទទាក់ទង