ប្រាសាទតាព្រហ្ម គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយ ស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ ប្រាសាទនេះបង្ហាញពីអច្ឆរិយភាពប្លែកពីគេ តាមរយៈការរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ធម្មជាតិ និងមុខងារយ៉ាងសំខាន់មួយក្នុងសម័យអង្គរ។ ស្ថិតនៅលើផ្លូវវង់តូច តាមទិសដៅផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល ១ គីឡូម៉ែត្រ និងមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីនៅទិសពាយ័ព្យ។
ប្រាសាទនេះ បានទាក់ទាញចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទីតាមរយៈការថែរក្សាគាំពារទុកទម្រង់ដើម ដូចរូបភាពដែលគេបានឃើញកាលពីជាង១០០ឆ្នាំមុន ដោយមានដើមឈើចាស់ធំៗ ដូចជាដើមស្ពង់ និងដើមជ្រៃ ដុះព័ទ្ធរុំស្ទើរតែជាសាច់មួយជាមួយតួប្រាសាទ ដែលបង្កើតបានជាទេសភាពចម្រុះដ៏អស្ចារ្យរវាងធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្រ។
ប្រាសាទនេះមានឈ្មោះដើមថា «រាជវិហារ» បានកសាងឡើងក្នុងឆ្នាំ១១៨៦ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ តាមរចនាបថបាយ័ន ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពជាព្រះពោធិសត្វប្រាជ្ញាបារមី (Prajnaparamita) ដែលជាព្រះតំណាងឱ្យប្រាជ្ញាញាណ និងគតិបណ្ឌិតនៃពុទ្ធសាសនាមហាយាន ដោយមានរូបព្រះបដិមា បានតម្កល់នៅក្តីកណ្តាល។ ក្រៅពីមានតួនាទីជាសំណង់សាសនាដ៏ធំមហិមា ប្រាសាទនេះ បើតាមអ្នកស្រាវជ្រាវយល់ថាក៏ជាមណ្ឌលអប់រំបណ្តុះបណ្តាល ដែលមានវិសាលភាពប្រៀបបាននឹងសាកលវិទ្យាល័យដ៏ធំសម្បើមមួយ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ព្រះមហាក្សត្រីឥន្ទ្រទេវី។
ផ្នែកស្ថាបត្យកម្ម ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម មានកំពែង៥ជាន់ និងប្រាសាទរណបចំនួន៣៩ នៅលើផ្ទៃដីប្រមាណ៦០ហិកតា ដោយកំពែងខាងក្រៅមានទំហំ ៧០០ × ១០០០ ម៉ែត្រ។ ផ្អែកតាមការស្រាវជ្រាវរបស់លោកបណ្ឌិតស្ថាបត្យជនជាតិបារាំង លោក Olivier CUNIN យល់ថាប្រាសាទនេះបានសាងសង់ឡើងចំនួន៦ដំណាក់កាល ដោយដំណាក់កាលទី១ គឺជាការកសាងក្តីកណ្តាល និងរោងទងទី១ ខាងក្នុង ហើយដំណាក់កាលបន្តបន្ទាប់ត្រូវបានបន្ថែម និងកែប្រែដោយព្រះមហាក្សត្រជំនាន់ក្រោយៗ រហូតមានរចនាសម្ព័ន្ធធំទូលាយ និងធំធេង។ ក្នុងនោះ នៅបន្តចំពីខ្លោងទ្វារខាងកើតនៃកំពែងទី៣ មានអគារខ្វែងស្ថាន ដែលគេហៅថា«សាលរបាំ» ។ នៅផ្នែកខាងជើង និងភាគខាងត្បូងនៅក្នុងកំពែងទី៣នេះ មានសំណង់អគារ ជាច្រើនបានកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះគ្រូ និងព្រះរាមរបស់ព្រះរាជា។
ផ្អែកលើការងារអភិរក្សជាបន្តបន្ទាប់ ប្រាសាទតាព្រហ្មទទួលបានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងអង្គការនៃស្ថាប័នបុរាណវិទ្យាឥណ្ឌា (ASI - Archaeological Survey of India) ចាប់តាំងពីទសវត្សឆ្នាំ២០០០មកម្ល៉េះ។ ក្រុមការងាររួមអន្តរជាតិនេះ បានអនុវត្តគម្រោងអភិរក្ស និងជួសជុលជាច្រើនដំណាក់កាល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អភិរក្សបែបបច្ចេកទេស និងវិទ្យាសាស្ត្រ តាមរយៈការទល់ទ្រសំណង់ស្ថាបត្យកម្ម និងពង្រឹងគ្រឹះប្រាសាទ ដូចជាការរៀបចំជួសជុលសាលរបាំ (Hall of Dancers) ខ្លោងទ្វារខាងកើត ខ្លោងទ្វារខាងលិច និងរោងទងជុំវិញក្តីកណ្តាល ព្រមទាំងការរៀបចំផ្គុំថ្មឡើងវិញតាមផ្នែកខ្លះនៃសំណង់ ដែលដួលរលំជាដើម។
ទន្ទឹមនឹងគ្នានេះដែរ ក៏មានគម្រោងដ៏សំខាន់មួយ គឺការគ្រប់គ្រង និងថែរក្សារវាងដើមឈើ និងថ្មបុរាណ ដោយការសិក្សាផ្នែករុក្ខវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់កុំឱ្យឫសដើមឈើធំៗ បំផ្លាញរចនាសម្ព័ន្ធថ្មបន្ថែមទៀត។ ប៉ុន្តែនៅតែរក្សាទុកនូវទម្រង់ដើមឈើដែលជាអត្តសញ្ញាណដើមនៃប្រាសាទ ព្រមទាំងការរៀបចំផ្លូវដើរទស្សនាធ្វើពីឈើ (Wooden Boardwalks) ដើម្បីការពារគ្រឹះថ្មក្រោមបាតជើងភ្ញៀវទេសចរ បង្កើនសុវត្ថិភាព និងទប់ស្កាត់ការរុករានដីជុំវិញឫសឈើបង្ការជំងឺដើមឈើផងដែរ។
នេះបង្ហាញថាប្រាសាទតាព្រហ្មមិនត្រឹមតែជាអច្ឆរិយស្ថាបត្យកម្មដែលរស់នៅក្នុងរង្វង់ដៃធម្មជាតិនោះទេ ប៉ុន្តែគឺជាសាក្សីប្រវត្តិសាស្ត្រដ៏រស់រវើក នៃមណ្ឌលអប់រំសាសនា និងសេដ្ឋកិច្ចដ៏រុងរឿងនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ព្រមទាំងជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌអន្តរជាតិនាសតវត្សរ៍ទី២១ដែរ៕