ព្រះវិហារ៖ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសែនព្រេន ចុះអនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដែលមានចំនួន ២៩ទីតាំង ក្នុងនោះនៅគោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។
សូមបញ្ជាក់ថា នៅដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមាន ចំនួន២៣ទីតាំងមកហើយ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ចំពោះគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារនេះ មានគោលបំណង ដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត ដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក បានរងការខូចខាតដោយសារការឈ្លានពានរបស់ថៃលើកទឹកដីកម្ពុជា ដែលបង្កការខូចខាតប្រាសាទព្រះវិហារចំនួនជា៥០០កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំប្រាសាទព្រះវិហារ និង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនរស់នៅក្នុងតំបន់បេតិកភណ្ឌ។
ក្រោយការឈ្លានពាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានកំពុងបោះសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ ៧០ ហិកតា ដោយរកឃើញគ្រាប់បែករាប់រាយគ្រាប់ រួមទាំង គ្រាប់បែកចង្កោម គ្រាប់កាំភ្លើងធំ និងយុទ្ធភណ្ឌជាច្រើនទៀត៕